បរទេស៖ ការប៉ុនប៉ង វាយប្រហារជាច្រើនដង ដោយទូកគ្មានមនុស្សបើក របស់អ៊ុយក្រែន នៅលើស្ពានយុទ្ធសាស្ត្រ ដែលតភ្ជាប់ឧបទ្វីបគ្រីមៀ ទៅដីគោករុស្ស៊ី ត្រូវបានរារាំងកាលពីល្ងាចថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី បានអះអាង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “នៅថ្ងៃទី ១ ខែកញ្ញា នៅម៉ោង ១១:១៥ នាទីយប់ ម៉ោងនៅទីក្រុងម៉ូស្គូ របបទីក្រុងគៀវ បានព្យាយាមបើកការវាយប្រហារភេរវករនៅលើស្ពាន Crimean ដោយប្រើទូកគ្មានមនុស្សបើក ក្នុងសណ្ឋានពាក់កណ្តាលនាវាមុជទឹក” ដោយបន្ថែមថា យានអរិភាពគឺ ” រកឃើញ និងបំផ្លាញភ្លាមៗ” នៅក្នុងសមុទ្រខ្មៅ។
យោធារុស្ស៊ីបាននិយាយថា ៣ម៉ោងក្រោយមក នៅម៉ោងប្រហែល ២ និង១០ នាទីព្រឹកថ្ងៃសៅរ៍ ទូកគ្មានមនុស្សបើកមួយទៀតត្រូវបានបំផ្លាញនៅក្នុងតំបន់នេះ ខណៈដែលវាក៏ព្យាយាមវាយប្រហារលើស្ពានផងដែរ។ ទូកគ្មានមនុស្សបើកទីបីត្រូវបានគេរាយការណ៍ថា បានបំផ្លាញនៅម៉ោង២និង២០នាទីព្រឹក។
ចរាចរណ៍ទាំងអស់នៅលើស្ពាន Crimean ត្រូវបានបញ្ឈប់ជាបណ្តោះអាសន្នជាការប្រុងប្រយ័ត្ននៅល្ងាចថ្ងៃសុក្រ ហើយបានស្ដារឡើងវិញបន្ទាប់ពីម៉ោង ៣ ទៀបភ្លឺ។
ឧបទ្វីប Crimean ដែលជាទីតាំងមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់របស់រុស្ស៊ី គឺជាគោលដៅជាញឹកញាប់ នៃការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់អ៊ុយក្រែន។ ជាមួយនឹងកងនាវារបស់ខ្លួន បានកាត់បន្ថយមកត្រឹមជាកប៉ាល់ ល្បាតមួយក្តាប់តូច ទីក្រុងគៀវក៏បានប្រើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនិងកប៉ាល់របស់រុស្ស៊ី ដោយនាវាដែលប្រតិបត្តិការពីចម្ងាយ ឬ ទូកគ្មានមនុស្សបើក៕
ប្រែសម្រួលៈ ណៃ តុលា