ព័ត៌មានអន្តរជាតិ

យន្តហោះ Boeing C-17 ដែលដឹកជញ្ជូនយានជំនិះ សម្រាប់ប្រធានាធិបតីអាមេរិក បានមកដល់វៀតណាមហើយ

រូបភាព៖ Afp

បរទេស៖ យន្តហោះ Boeing C-17 Globemaster III របស់សហរដ្ឋអាមេរិក នារសៀលថ្ងៃទី ១ ខែកញ្ញា បានចុះចតនៅអាកាសយានដ្ឋាន Noi Bai ប្រទេសវៀតណាម ដោយមានផ្ទុកឧបករណ៍ជាច្រើន សម្រាប់ដំណើរទស្សនកិច្ចនាពេលខាងមុខ របស់ប្រធានាធិបតីអាមេរិកលោក Joe Biden ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅម៉ោង ៣និង៥៥នាទី រសៀល យន្តហោះដឹកជញ្ជូន Boeing C-17 Globemaster III លេខ 33126 បានចាប់ផ្តើមចុះចតនៅអាកាសយានដ្ឋាន Noi Bai ។ នេះជាជើងហោះហើរដឹកទំនិញ លើកដំបូងសម្រាប់ដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី Joe Biden ទៅកាន់ប្រទេសវៀតណាម ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១០-១១ ខែកញ្ញានេះ។

បន្ទាប់ពីធ្វើដំណើរបានប្រហែលពីរនាទីនៅលើផ្លូវរត់ C-17 បានចូលទៅក្នុងកន្លែងផ្ទុក និងដាក់ឥវ៉ាន់បន្តិចម្តងៗ។

យន្តហោះដឹកជញ្ជូន C-17 លែងចម្លែកទៀតហើយ ដោយយន្តហោះនេះបានចុះចតនៅអាកាសយានដ្ឋាន Noi Bai ជាច្រើនដងមកហើយ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង កាលពីខែកុម្ភៈ ឆ្នាំ ២០១៩។

យន្តហោះ C-17 Globemaster III គឺជាយន្តហោះដឹកជញ្ជូនយោធាដ៏សំខាន់មួយរបស់កងទ័ពអាកាសអាមេរិក ដែលត្រូវបានគេស្គាល់ថាជា “workhorse” ដែលមានឯកទេសក្នុងការដឹកជញ្ជូនយានជំនិះ ដើម្បីបម្រើប្រធានាធិបតីសហរដ្ឋអាមេរិកនៅពេលធ្វើដំណើរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top