ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត៦នាក់ នៅក្នុងហេតុការណ៍រថភ្លើងធ្លាក់ចូលផ្លូវ រថយន្តក្រុងនៅក្នុងប្រទេសឈីលី

រូបភាពពី៖​ Social Media

សាន់ទីយ៉ាហ្គោ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ថា អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា កាលពីថ្ងៃសុក្រ យ៉ាងហោចណាស់មនុស្សចំនួន៦នាក់បានស្លាប់ ក្រោយពីរថភ្លើង១ខ្សែបានធ្លាក់ចូលទៅក្នុងរថយន្តក្រុង នៅក្នុងតំបន់ Biobio ស្ថិតនៅភាគកណ្តាលនៃប្រទេសឈីលី ។

ករណីបុកគ្នានេះបានកើតឡើងនៅលើផ្លូវបំបែកដែលជាផ្លូវដែក ដោយបានបណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ នៅក្នុងចំណោមមនុស្ស១៤នាក់ដែលជិះលើរថយន្តក្រុង ។
លោក Juan Francisco Carrasco មន្ត្រីយោធាបានប្រាប់ដល់អ្នកយកព័ត៌មានថា ការធ្លាក់ផ្លូវរបស់រថភ្លើងបានកើតឡើងនៅក្នុងសង្កាត់ San Pedro de la Paz ស្ថិតនៅចម្ងាយប្រហែល៥០០គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានី សាន់ទីយ៉ាហ្គោ ។

ក្រុមហ៊ុនរដ្ឋ EFE Sur ដែលប្រតិបត្តិការរថភ្លើងបានរាយការណ៍មកថា រថភ្លើងបានធ្វើសកម្មភាពត្រឹមត្រូវដោយលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា របាំងឆ្លងកាត់ដំណើរការជាធម្មតានៅពេលរថភ្លើងឆ្លងកាត់ ។ក្រុមហ៊ុន EFE Sur បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកស្លាប់ទាំងនោះ ហើយបានបញ្ជាក់ថា គ្មានអ្នកដំណើរណាម្នាក់នៅលើរថភ្លើងនោះរងរបួសធ្ងន់ធ្ងរនោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top