ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី និងជាអតីតអ្នកឧបត្ថម្ភដល់ ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានចាប់ខ្លួន ពីបទលាងលុយកខ្វក់

រូបភាពពី៖​ AFP

បរទេស៖ មហាសេដ្ឋីអ៊ុយក្រែន លោក Igor Kolomoisky ដែលបានត្រូវបានគេជឿយ៉ាងទូលំទូលាយថា បានជួយលោកប្រធានាធិបតី Vladimir Zelensky ទទួលបានតំណែងជាប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែននោះ គឺត្រូវបានឃុំខ្លួន ដោយរង់ចាំការកាត់ក្តីសម្រាប់ការចោទប្រកាន់ពីបទលាងលុយកខ្វក់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Kolomoisky ត្រូវបាននាំខ្លួនយកទៅតុលាការស្រុក Shevchenko នៃទីក្រុងគៀវកាលពីថ្ងៃសៅរ៍ បន្ទាប់ពីសេវាសន្តិសុខអ៊ុយក្រែន (SBU) បានចោទប្រកាន់មហាសេដ្ឋីរូបនេះពីបទធ្វើឱ្យស្របច្បាប់ និងការផ្ទេរប្រាក់ទៅបរទេសជាង ៥០០ លាន hryvnia អ៊ុយក្រែន (១៣,៥ លានដុល្លារ) តាមរយៈ “ហេដ្ឋារចនាសម្ព័ន្ធនៃស្ថាប័នធនាគារដែលលោកបានគ្រប់គ្រង” ។

សវនាការលើការឃុំខ្លួនបណ្តោះអាសន្ននេះ ធ្វើឡើងដោយបិទទ្វារ តាមការស្នើសុំរបស់លោក Kolomoisky ដែលបានរាយការណ៍ថា មិនចង់ឱ្យប្រព័ន្ធផ្សព្វផ្សាយចែករំលែករូបថតរបស់លោកនៅក្នុងបន្ទប់សវនាការនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន មួយចំនួននៅតែថតរូប និងវីដេអូពីដំណើរការបន្ត៕ ប្រែសម្រួលៈ ណៃ តុលា

To Top