បរទេស៖ ប្រភពពីក្រសួងយុត្តិធម៌បានឱ្យដឹងនៅថ្ងៃអាទិត្យថា អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចមានសិទ្ធិទទួលបានការដោះលែងក្នុងរយៈពេល ៤ ខែ ខណៈដែលលោកជាអ្នកទោសវ័យចំណាស់ដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រភពពីក្រសួងយុត្តិធម៌បានពន្យល់ថា ច្បាប់កែប្រែឆ្នាំ២០០៧ តម្រូវឱ្យអ្នកទោសដែលជាប់ពន្ធនាគារយ៉ាងហោចណាស់មួយភាគបីនៃទោស អាចមានសិទ្ធិសុំឱ្យមានការដោះលែង។
ព្រះមហាក្សត្រទ្រង់បានប្រោសប្រទានការលើកលែងទោសលោក ថាក់ស៊ីន ដោយកាត់ទោសពី៨ឆ្នាំ មកត្រឹម១ឆ្នាំ។ ការលើកឡើងនេះត្រូវបានចុះផ្សាយនៅក្នុង Royal Gazette កាលពីថ្ងៃសុក្រ។ នៅក្រោមករណីនេះ អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន នឹងត្រូវស្ថិតក្នុងពន្ធនាគារយ៉ាងហោចណាស់ ៤ ខែ មុនពេលលោកអាចស្នើសុំឱ្យដោះលែង។
ប្រភពបាននិយាយទៀតថា ប្រសិនបើការលើកលែងទោសរបស់លោក ថាក់ស៊ីន ត្រូវបានអនុម័តនោះ លោកនឹងត្រូវនាំទៅជួបមន្ត្រីទទួលការលើកលែងទោសក្នុងរយៈពេលបីថ្ងៃ។ បន្ទាប់មក មន្ត្រីនឹងកំណត់កាលបរិច្ឆេទឱ្យលោក ថាក់ស៊ីន រាយការណ៍ជូនមន្ត្រីនៅក្រៅឃុំជារៀងរាល់ខែ។
មន្ត្រីទទួលបន្ទុកសម្រាប់នៅក្រៅឃុំក៏នឹងកំណត់ផងដែរថាតើលោកថាក់ស៊ីន នឹងត្រូវពាក់ឧបករណ៍ត្រួតពិនិត្យអេឡិចត្រូនិក ឬយ៉ាងណា។ ប្រភពមួយបាននិយាយថា លោក ថាក់ស៊ីន ទំនងជានឹងត្រូវបានលើកលែងពីការពាក់ឧបករណ៍ត្រួតពិនិត្យ ដោយសារលោកមានបញ្ហាសុខភាពរ៉ាំរ៉ៃជាច្រើន។
ក្រៅពីនេះ ប្រភពបន្តថា លោក ថាក់ស៊ីន ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី ហើយបានវិលត្រឡប់មកប្រទេសវិញ ដើម្បីប្រឈមមុខនឹងយុត្តិធម៌ដោយមិនបានព្យាយាមរត់គេចខ្លួនឡើយ។
ប្រភពបានបន្ថែមទៀតថា ការជាប់ពន្ធនាគាររបស់លោកថាក់ស៊ីន អាចត្រូវបានកាត់បន្ថយបន្ថែមទៀត ដែលនាំឱ្យមានការដោះលែងលោកនៅពេលដែលប្រទេសថៃ ប្រារព្ធព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងរបបរាជានិយម ដូចជាខួប នៃការសោយទីវង្គតរបស់ស្តេចរាមាទី៩ នៅថ្ងៃទី១៣ ខែតុលា ឬថ្ងៃខួបកំណើតរបស់ទ្រង់នៅថ្ងៃទី ៥ ខែធ្នូ ដែលជាការកត់សម្គាល់ផងដែរថាជាទិវាឪពុក៕ ប្រែសម្រួលៈ ណៃ តុលា