តៃវ៉ាន់៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា នៅថ្ងៃអាទិត្យនេះ ព្យុះទីហ្វុង Haikui បានបោកបក់មកលើភាគខាងកើតនៃកោះតៃវ៉ាន់ ដោយបានធ្វើឱ្យមានភ្លៀងធ្លាក់ចុះយ៉ាងគំហុក ខ្យល់បក់បោក និងបានបោកបក់ផ្ទះរាប់ពាន់គ្រួសារ និងធ្វើឲ្យស្ថិតក្នុងភាពងងឹត ដែលនេះជាព្យុះដ៏ធំដំបូងគេដែលវាយប្រហារមកលើដែនកោះដោយផ្ទាល់ក្នុងរយៈពេល៤ឆ្នាំមកនេះ ។
មនុស្សជិត៤.០០០នាក់ត្រូវបានជម្លៀសខ្លួន ចេញពីតំបន់ដែលមានហានិភ័យខ្ពស់ ហើយជើងហោះហើររាប់រយត្រូវបានលុបចោល និងអាជីវកម្មបានបិទដំណើរដើម្បីរៀបចំជាមុនពេលមានព្យុះមកដល់ ។
ការិយាល័យអាកាសធាតុកណ្តាលរបស់កោះតៃវ៉ាន់ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ព្យុះទីហ្វុង គឺ “នៅមាត់ទ្វាររបស់យើង” ហើយនៅវេលាម៉ោង៣និង៤០រសៀលបានបញ្ជាក់ប្រាប់ដល់ទីភ្នាក់ងារ AFP ថា វាបានបោកបក់នៅឆ្នេរសមុទ្រ Taitung ដែលជាតំបន់ភ្នំនៅតំបន់ភាគខាងកើតនៃកោះតៃវ៉ាន់ ។
អ្នកយកព័ត៌មាន AFP ម្នាក់បានឲ្យដឹងថា អ្នកស្រុកបានដេកនៅក្នុងផ្ទះក្នុងភាពងងឹត ដោយនៅឆ្ងាយពីបង្អួច ខណៈដែលខ្យល់បក់បោកខ្លាំងបានធ្វើឱ្យដើមឈើរលំ និងរុះរើធុងទឹកប៉ើងទៅលើអាកាស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា