បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានសម្តែងការខកចិត្ត នៅពេលត្រូវបានសួរអំពី ផែនការ របស់ប្រធានាធិបតីចិន Xi Jinping ដែលមិនចូលរួមកិច្ចប្រជុំកំពូល របស់មេដឹកនាំ G20 នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា Biden បានប្រាប់អ្នកយកព័ត៌មាន នៅឆ្នេរ Rehoboth រដ្ឋ Delaware កាលពីថ្ងៃអាទិត្យ ដោយមិនបានបញ្ជាក់លម្អិត អំពីកន្លែងដែលគាត់សង្ឃឹមថា នឹងជួបមេដឹកនាំចិន និងនៅពេលណាថា “ខ្ញុំខកចិត្ត… ប៉ុន្តែខ្ញុំនឹងទៅជួបលោក” ។
សារព័ត៌មាន Reuters បានរាយការណ៍កាលពីសប្តាហ៍មុនដោយដកស្រង់សម្តីមន្ត្រីចិន និងឥណ្ឌាដែលមិនបញ្ចេញឈ្មោះថា លោក Xi Jinping ទំនងជាមិនចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នាពេលខាងមុខនៅក្នុងប្រទេសឥណ្ឌាដោយផ្ទាល់នោះទេ។ ទីភ្នាក់ងារនេះបានអះអាងថា គណៈប្រតិភូរបស់ទីក្រុងប៉េកាំងនៅក្នុងព្រឹត្តិការណ៍នេះនឹងត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រីចិន Li Qiang ជំនួសវិញ។
ទីក្រុងប៉េកាំងមិនទាន់បញ្ជាក់ ជាផ្លូវការអំពីគម្រោង ធ្វើដំណើររបស់មេដឹកនាំចិន នៅឡើយទេ។ ក្រសួងការបរទេសឥណ្ឌា និងចិនបានបដិសេធ មិនធ្វើអត្ថាធិប្បាយទេ នៅពេលត្រូវបានសួរអំពីបញ្ហានេះ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
