យេរ៉ូសាឡឹម៖ ក្រសួងការពារជាតិ អ៊ីស្រាអែល បានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល បានដាក់សំណើជាផ្លូវការមួយទៅកាន់សហរដ្ឋអាមេរិក ដើម្បីទិញកងអនុសេនាតូចទី៣ នៃយន្តហោះចម្បាំង បំបាំងកាយធុន F-35 ។
រដ្ឋមន្ត្រីការពារជាតិ Yoav Gallant បានដាក់លិខិត ស្នើសុំទៅក្រសួងការពារជាតិអាមេរិក ដើម្បីចុះហត្ថលេខាលើ កិច្ចព្រមព្រៀង “ក្នុងរយៈពេលប៉ុន្មានខែខាងមុខ” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយ ដោយក្រសួងការពារជាតិ អ៊ីស្រាអែល។
សំណើនេះធ្វើឡើង បន្ទាប់ពីកិច្ចព្រមព្រៀងលើកមុន ដែលអ៊ីស្រាអែល បានយល់ព្រមទិញយន្តហោះ F-35 ចំនួន ២៥ គ្រឿងពីសហរដ្ឋអាមេរិក ដែលផលិតដោយក្រុមហ៊ុន Lockheed Martin ក្នុងកិច្ចព្រមព្រៀងដែលរួមមានការគាំទ្រ និងការថែទាំ។
ក្រសួងប៉ាន់ប្រមាណថា តម្លៃ នៃកិច្ចព្រមព្រៀងនេះគឺប្រហែល ៣ពាន់លានដុល្លារអាមេរិក ដែលនឹងត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយមូលនិធិជំនួយសន្តិសុខ របស់សហរដ្ឋអាមេរិកដល់អ៊ីស្រាអែល។
យន្តហោះចម្បាំង ៣គ្រឿងដំបូង នៃកងអនុសេនាធំថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមកដល់ប្រទេសអ៊ីស្រាអែល នៅឆ្នាំ២០២៧។ នៅពេលបញ្ចប់កិច្ចព្រមព្រៀង កងនាវាទ័ពអាកាសអ៊ីស្រាអែល នឹងពង្រីកដល់យន្តហោះចម្បាំង F-35 ចំនួន ៧៥គ្រឿង។
អ៊ីស្រាអែលបានទទួលយន្តហោះ F-35 ដំបូងរបស់ខ្លួននៅក្នុងខែធ្នូ ឆ្នាំ២០១៦ ដែលបានក្លាយជាប្រទេសដំបូងគេនៅមជ្ឈិមបូព៌ា ដែលទទួលបានយន្តហោះទាំងនោះ៕
ប្រែសម្រួល ឈូល បូរ៉ា