ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ៖ អ៊ុយក្រែន ចំណាយដល់ទៅ ១០០លានដុល្លារ ក្នុងមួយថ្ងៃនៅក្នុងជម្លោះ

AFP

បរទេស៖ យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីការពារជាតិលោក Aleksey Reznikov កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថារដ្ឋាភិបាលទីក្រុងគៀវ បានចំណាយនិងកំពុងបន្តចំណាយដល់ទៅ ១០០លានដុល្លារ ក្នុងមួយថ្ងៃនៅក្នុងជម្លោះដែល ធ្វើឡើងជាមួយនឹងប្រទេសរុស្សី។

សេចក្តីថ្លែងការណ៍របស់លោក ដែលត្រូវយកមកចេញផ្សាយដោយ RT បានបញ្ជាក់ទៀតថា គឺជាអ្វីដែលលោកបានព្យាយាម ក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់ ជាច្រើនករណីពុករលួយ និងការព្យាយាមការពារគោលការណ៍​ ដំណើរការចាយវាយរបស់ក្រសួងការពារជាតិអ៊ុយក្រែន នាពេលកន្លងមក។

លោក Reznikov មិនត្រឹមតែប៉ុណ្ណោះថែមទាំង បានបដិសេធនូវការអះអាងថា ត្រូវបានផ្គត់ផ្គង់ហិរញ្ញវត្ថុតាមរយៈ ការធ្វើការរ៉ៃលុយដោយស្ម័គ្រចិត្ត និងការស្វែងរកការបរិច្ចាគពីពលរដ្ឋរបស់ខ្លួន ដោយហៅថាវាគឺជាការលើកឡើង ដោយមិនស្មើភាពនិងត្រឹមត្រូវនោះទេ ខណៈដែលការចាយវាយប្រចាំថ្ងៃ មានរហូតទៅដល់ ១០០លានដុល្លារបែបនេះ។

គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍របស់លោក Reznikov កើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានប្រកាសកាលពីថ្ងៃអាទិត្យ អំពីផែនការរបស់គាត់ក្នុងការបណ្តេញលោក Reznikov ចេញពីតំណែងនិងអាចជំនួស គាត់ដោយប្រធានមូលនិធិ អចលនទ្រព្យរដ្ឋអ៊ុយក្រែនបច្ចុប្បន្ន គឺលោកRustem Umerovជំនួសវិញ៕

ប្រែសម្រួល៖ ស៊ុន លី

To Top