រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស បានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ចប់ទណ្ឌកម្មទាំងអស់ ដែលដាក់លើប៉ាឡេស្ទីន និងកសាងទំនាក់ទំនងធម្មតាជាមួយប៉ាឡេស្ទីន។
លោក អាបាស បានធ្វើការកត់សម្គាល់នៅពេលទទួលបានការហៅទូរស័ព្ទពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken ក្នុងអំឡុងពេលនោះភាគីទាំងពីរ បានពិភាក្សាអំពីការវិវត្តចុងក្រោយបង្អស់នៅប៉ាឡេស្ទីន និងវិធីពង្រឹងទំនាក់ទំនងទ្វេភាគី រួមទាំងការបើកស្ថានកុងស៊ុលអាមេរិកនៅយេរ៉ូសាឡឹម និងការិយាល័យអង្គការរំដោះប៉ាឡេស្ទីននៅទីក្រុងវ៉ាស៊ីនតោន។
លោកក៏បានទាមទារឱ្យរដ្ឋបាលសហរដ្ឋអាមេរិក ទទួលយកការខិតខំប្រឹងប្រែងរបស់ប៉ាឡេស្ទីន ដើម្បីទទួលបានសមាជិកភាពពេញលេញនៅក្នុងអង្គការសហប្រជាជាតិ ដោយការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ។
WAFA បានរាយការណ៍ថា ក្រៅពីនេះ លោក អាបាស បានលើកឡើងថា កងកម្លាំងអ៊ីស្រាអែល និងអ្នកតាំងលំនៅ កំពុងបំផ្លាញដំណោះស្រាយរដ្ឋទាំងពីរ និងបំផ្លាញរាល់ឱកាសនៃការទទួលបានសន្តិភាពដោយការអនុវត្តការឈ្លានពាន ដោយជំរុញឱ្យមានកាតព្វកិច្ចឱ្យអាជ្ញាធរអ៊ីស្រាអែល បញ្ឈប់ការរំលោភទាំងអស់នេះ៕ ប្រែសម្រួល ឈូក បូរ៉ា