ព័ត៌មានអន្តរជាតិ

អាស៊ាន ចុះអនុស្សារណៈយោគយល់គ្នា ជាមួយសមាគមមហាសមុទ្រឥណ្ឌា

រូបភាពពី៖​ XINHUA

ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីល្ងាចថ្ងៃចន្ទសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ហៅកាត់ (MoU) អន្តរលេខាធិការដ្ឋានជាមួយសមាគមមហាសមុទ្រឥណ្ឌា ហៅកាត់ (IORA) និងវេទិកាប្រជុំកោះប៉ាស៊ីហ្វិក ហៅកាត់ (PIF) ។

គួរបញ្ជាក់ថា MoU ដែលត្រូវបានចុះហត្ថលេខានៅក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន មានកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងអន្តរលេខាធិការក្នុងវិស័យសមុទ្រ ការតភ្ជាប់ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព សេដ្ឋកិច្ចពណ៌ខៀវ និងបៃតង សេដ្ឋកិច្ចឌីជីថល និងការគ្រប់គ្រងគ្រោះមហន្តរាយផងដែរ ។

សមាគម IORA និងវេទិកា PIF គឺជាអង្គការអន្តររដ្ឋាភិបាល ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់នៃមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ។

លោក Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានថ្លែងនៅក្នុងសុន្ទរកថាស្វាគមន៍ថា អាស៊ាន និងប្រទេសនៅក្នុងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវតែធ្វើការរួមគ្នាដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ។

លោក Marsudi បានបញ្ជាក់ថា ដូច្នេះវាចាំបាច់ដើម្បីរក្សាតម្លៃ និងគោលការណ៍រួម ពោលគឺគំរូនៃកិច្ចសហប្រតិបត្តិការជំនួសឱ្យការប្រកួតប្រជែងគ្នា ចិត្តគំនិតឈ្នះ-ឈ្នះ ជំនួសឱ្យការបូកសរុប និងវិធីសាស្រ្តចូលរួមជំនួសឱ្យការដកចេញវិញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top