ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូលអាស៊ាន ប្រារព្ធធ្វើឡើង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ផ្តោតសំខាន់ លើការរីកចម្រើន នៃសេដ្ឋកិច្ចក្នុងតំបន់

ប្រភព៖ xinhua

ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ថា កិច្ចប្រជុំកំពូល របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) លើកទី៤៣ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធបានចាប់ផ្តើមនៅទីនេះនៅថ្ងៃអង្គារ នេះដោយផ្តោតសំខាន់ លើការបង្កើតតំបន់ ជាចំណុចកណ្តាល នៃកំណើនសេដ្ឋកិច្ច ។

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី ថ្លែងសុន្ទរកថាក្នុងពិធីបើក ដែលប្រទេសរបស់ខ្លួន កំពុងកាន់តំណែងជាប្រធានអាស៊ាន វិលជុំនៅក្នុងឆ្នាំនេះ បានជំរុញឱ្យអាស៊ានរក្សាការរួបរួម និងមិនធ្វើជាតំណាង ឱ្យអំណាចណាមួយនោះឡើយ ។

គាត់បានថ្លែងថា “កុំធ្វើឱ្យនាវា របស់យើង គឺអាស៊ានក្លាយជាសង្វៀន នៃការប្រកួតប្រជែងដែលបង្កការ ខូចខាតដល់គ្នាទៅវិញទៅមក ។ ធ្វើឱ្យនាវារបស់យើង ក្លាយជាមូលដ្ឋានគ្រឹះ ក្នុងការកសាងកិច្ចសហប្រតិបត្តិការ និងបង្កើតភាពរុងរឿង ស្ថិរភាព និងសន្តិភាព មិនត្រឹមតែសម្រាប់តំបន់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកផងដែរ” ។

នៅក្នុងរយៈពេល៣ថ្ងៃខាងមុខ មេដឹកនាំ នៃបណ្តាប្រទេសសមាជិក អាស៊ានត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហា ដែលនឹងកំណត់អនាគត របស់អាស៊ានជាសហគមន៍ និងស្ថាប័នមួយ ។

ហើយនេះបូករួមបញ្ចូលទាំងជំហាន ដើម្បីបង្កើនល្បឿន នៃការសម្រេចចិត្តក្នុងវិបត្តិ និងគ្រាអាសន្ន ក៏ដូចជាជំហាន ដើម្បីជំរុញសមត្ថភាព របស់អាស៊ានក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលកំពុងកើតមាននៅក្នុងតំបន់ផងដែរ ។

កិច្ចប្រជុំកំពូលក្រោមប្រធានអាស៊ាន របស់ប្រទេសឥណ្ឌូណេស៊ី នៅក្នុងឆ្នាំនេះមានប្រធានបទ “បញ្ហាអាស៊ាន៖ ចំណុចកណ្តាលនៃកំណើនសេដ្ឋកិច្ច” ។

ទិន្នន័យអាស៊ាន បានបង្ហាញថា នៅក្នុងទសវត្សរ៍កន្លងទៅ កំណើនប្រចាំឆ្នាំ ជាមធ្យមរបស់អាស៊ាន បានឈានដល់៣,៩៨ ភាគរយ លើសពីកំណើនសេដ្ឋកិច្ចពិភពលោក ដែលមានត្រឹម២,៦ភាគរយប៉ុណ្ណោះ ។

គួរបញ្ជាក់ថា អាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៧ ដែលរួមមាន ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៏ និងវៀតណាម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top