ព័ត៌មានអន្តរជាតិ

ចាប់ពីថ្ងៃទី១ ខែតុលា ភ្ញៀវទេសចរចិន អាចចូលប្រទេសថៃបាន ដោយមិនចាំបាច់មានទិដ្ឋាការ

ប្រភព៖ AFP

បរទេស ៖ សមាគមភ្នាក់ងារទេសចរណ៍ថៃ (ATTA) បានបង្ហាញបំណងចង់ឃើញ នាយករដ្ឋមន្រ្តីលោក ស្រែថា ថាវីស៊ីន ធ្វើជាឯកអគ្គរាជទូត ទេសចរណ៍ ដើម្បីបង្កើនទំនុកចិត្ត ជាពិសេសក្នុងចំណោមភ្ញៀវទេសចរចិន នៅក្នុងប្រទេសថៃ ជាគោលដៅសុវត្ថិភាព ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា បំណងនេះកើតឡើង ជាការឆ្លើយតបទៅនឹងរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីឧប្បត្តិហេតុនៃការចាប់ជំរិត ដើម្បីយកប្រាក់ និងការជួញដូរសរីរាង្គ ដែលបានបង្កើនការព្រួយបារម្ភក្នុងចំណោមអ្នកដំណើរចិន។

លោក Sisdivachr Cheewarattanaporn ប្រធានសមាគមភ្នាក់ងារ ទេសចរណ៍ថៃ (ATTA) បានបង្ហាញមោទនភាព ចំពោះការឆ្លើយតបយ៉ាងច្បាស់លាស់ របស់នាយករដ្ឋមន្ត្រី ទាក់ទងនឹងការលើកលែងទិដ្ឋាការ ដែលមានន័យថា ចាប់ពីថ្ងៃទី១ ខែតុលា ភ្ញៀវចិនអាចចូលប្រទេសថៃដោយគ្មានទិដ្ឋាការ។

គោលនយោបាយនេះត្រូវបានចាត់ទុកថា ជាវិធានការដ៏រឹងមាំមួយ ប៉ុន្តែភាពជោគជ័យ របស់វានឹងពឹងផ្អែកលើការកសាង ទំនុកចិត្តក្នុងចំណោមភ្ញៀវ ទេសចរចិនថា ការធ្វើដំណើរក្នុងប្រទេសថៃមានសុវត្ថិភាពពិតប្រាកដ ។ ពាក្យចចាមអារ៉ាមអំពីការចាប់ជំរិត និងការដកយកចេញសរីរាង្គ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដ៏ពេញនិយម រួមទាំង TikTok នៅតែបន្តផ្សព្វផ្សាយ ដោយក្រុមហ៊ុនទេសចរណ៍ចិន មួយចំនួនសុំការបំភ្លឺ អំពីការអះអាងទាំងនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ភាគច្រើនក្រុមហ៊ុនទេសចរណ៍ កំពុងឆ្លើយតបយ៉ាងសាទរ ចំពោះព័ត៌មាននៃការលើកលែងទិដ្ឋាការ ប៉ុន្តែនៅតែរង់ចាំការប្រកាសជាផ្លូវការ ពីរដ្ឋាភិបាលថៃ ។ ជាក់ស្តែង រដ្ឋាភិបាលចិនមិនទាន់បានផ្សព្វផ្សាយព័ត៌មាននេះជាសាធារណៈនៅឡើយ ដូច្នេះការកសាងទំនុកចិត្ត គឺជារឿងសំខាន់ ហើយការឱ្យ នាយករដ្ឋមន្ត្រី ស្រែថា ធ្វើជាអ្នកផ្សព្វផ្សាយទេសចរណ៍ថៃ និងការធានា ចំពោះភ្ញៀវទេសចរណ៍ថា ប្រទេសថៃជាគោលដៅសុវត្ថិភាព គឺជាសកម្មភាព ដ៏សមស្របបំផុត។

លោក Sisdivachr បានបន្ថែមថា វិស័យសន្តិសុខថៃ ក៏ត្រូវតែខិតខំផងដែរដើម្បីធានាសុវត្ថិភាព និងសង្កត់ធ្ងន់លើសារៈសំខាន់ នៃការមិនវិនិច្ឆ័យជនជាតិចិន ដោយផ្អែកលើសកម្មភាពរបស់មនុស្សមួយចំនួន ដែលបានបំពានច្បាប់។

គោលនយោបាយលើកលែងទិដ្ឋាការនេះ ត្រូវបានគេរំពឹងថានឹងជំរុញឱ្យជនជាតិចិន ដែលធ្វើការនៅក្នុងប្រទេសផ្សេងទៀត ជាពិសេសប្លុកអាស៊ាន និងអាស៊ីបូព៌ា ធ្វើដំណើរទៅកាន់ប្រទេសថៃ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top