ព័ត៌មានអន្តរជាតិ

Update៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដាក់លិខិតលាឈប់ ពីតំណែងទៅរដ្ឋសភាហើយ

រូបភាពពី៖​ AFP

គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ លោក Oleksii Reznikov រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអ៊ុយក្រែន បានថ្លែងថា លោកបានដាក់លិខិតលាលែងពីតំណែងទៅកាន់លោក Ruslan Stefanchuk ប្រធានសភារួចហើយ ។

លោក Reznikov បានថ្លែងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា បណ្តាញសង្គម Twitter ថា “វាជាកិត្តិយសក្នុងការបម្រើដល់ប្រជាជនអ៊ុយក្រែន និងធ្វើការឱ្យកងទ័ពអ៊ុយក្រែន សម្រាប់រយៈពេល២២ខែចុងក្រោយ ដែលជារយៈពេលដ៏លំបាកបំផុតនៃប្រវត្តិសាស្រ្តសម័យទំនើបរបស់អ៊ុយក្រែន” ។

នៅក្នុងលិខិតនោះដែរ លោក Reznikov ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ បានលើកឡើងថា រាល់កិច្ចការសំខាន់ៗដែលបានកំណត់សម្រាប់អាណត្តិរបស់គាត់ត្រូវបានសម្រេច ។

គួររំលឹកថា កាលពីថ្ងៃអាទិត្យ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា លោកគ្រោងនឹងដកតំណែងលោក Reznikov ហើយស្នើឱ្យសភានៅក្នុងសប្តាហ៍នេះ ដើម្បីបញ្ជាក់ គឺលោក Rustem Umerov ដែលជាប្រធានមូលនិធិឯកជនភាវូបនីយកម្មដ៏សំខាន់របស់ប្រទេស ជាអ្នកជំនួសតំណែងរបស់គាត់វិញ ។

លោក Zelensky បានបញ្ជាក់ថា “ខ្ញុំជឿថា ក្រសួងត្រូវការវិធីសាស្រ្តថ្មី និងទម្រង់ផ្សេងទៀត នៃអន្តរកម្មរូមជាមួយទាំងយោធា និងសង្គមទាំងមូល” ។

សូមបញ្ជាក់ថា សភាគ្រោងនឹងបោះឆ្នោតលើការតែងតាំងនៅចុងសប្តាហ៍នេះផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top