ព័ត៌មានអន្តរជាតិ

ប្រទេសចិន ស្នើ​បញ្ចប់ការចរចា FTA អាស៊ាន-ចិន ក្នុងកំណែ ៣.០ ត្រឹមឆ្នាំ២០២៤

ប៉េកាំង៖ បញ្ជីនៃគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិន សម្រាប់កិច្ចប្រជុំកំពូលទាក់ទងនឹងអាស៊ាន បានឱ្យដឹងថា ប្រទេសចិន បានស្នើឱ្យពន្លឿនការចរចាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ និងខិតខំបញ្ចប់ការចរចានៅឆ្នាំ២០២៤។

បញ្ជីនេះមានគំនិតផ្តួចផ្តើមសរុបចំនួន ៣៩ សម្រាប់កិច្ចប្រជុំកំពូលចិន-អាស៊ាន លើកទី២៦ កិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី២៦ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៨ ដែលត្រូវបានគេរំពឹងថា នឹងបង្កើតលទ្ធផលជាផ្លែផ្កា។

យោងតាមបញ្ជីនេះ ប្រទេសចិន នឹងជំរុញកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រទេសចិន លើកទឹកចិត្តឱ្យបណ្តាប្រទេសអាស៊ាន ប្រើប្រាស់ឱ្យបានល្អនូវមូលនិធិសហប្រតិបត្តិការអាស៊ាន-ចិន និងធ្វើការរួមគ្នា សម្រាប់ការអនុវត្តប្រកបដោយគុណភាពខ្ពស់នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់។

ប្រទេសចិន បានត្រៀមខ្លួនជាស្រេច ដើម្បីនាំមុខក្នុងការចុះហត្ថលេខា លើពិធីសារនៃសន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាស៊ាន ក្នុងការកសាង និងរក្សាតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍។

ប្រទេសចិន ប្តេជ្ញាធ្វើការជាមួយបណ្តាប្រទេសអាស៊ាន សម្រាប់ការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) និងសម្រាប់វឌ្ឍនភាពក្នុងការពិគ្រោះយោបល់នៃក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC)។

ប្រទេសចិន ក៏ធ្វើការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសមុទ្រ កិច្ចសហប្រតិបត្តិការបរិស្ថាន សុវត្ថិភាពនៃនាវាចរណ៍ ការស្វែងរក និងជួយសង្គ្រោះ ការនេសាទ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។

ប្រទេសចិននឹងធ្វើការបរិច្ចាគបន្ថែមដល់មូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-ចិននៅឆ្នាំ២០២៤។ ​ ប្រទេស​ចិន ​គាំទ្រ​ការ​មាន​សកម្មភាព​កសាង​សមត្ថភាព​ជាមួយ​មជ្ឈមណ្ឌល​អាស៊ាន ​សម្រាប់​ការ​ប្រែប្រួល​អាកាសធាតុ។ ប្រទេសចិន នឹងចាប់ផ្តើមគំនិតផ្តួចផ្តើមអាស៊ាន-ចិន ស្តីពីទីក្រុងមិត្តភាព ធន់នឹងអាកាសធាតុ និងគម្រោងអភិវឌ្ឍន៍សហគមន៍កាបូនទាប ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុជាសាធារណៈ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top