យូអិន៖ ប្រមុខរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់អំពីតម្រូវការ សម្រាប់ការគាំទ្រកាន់តែខ្លាំង ស្រប និងឯកភាពពីរដ្ឋជាសមាជិក សម្រាប់ស្ថាប័នពិភពលោក ដើម្បីសម្រេចបាននូវគោលដៅ រក្សាសន្តិភាពសំខាន់ៗរបស់ខ្លួន។
លោក Jean-Pierre Lacroix អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការ សន្តិភាពបានឲ្យដឹងថា ការបែកបាក់គ្នាកាន់តែខ្លាំងឡើង ក្នុងចំណោមរដ្ឋជាសមាជិក រួមផ្សំជាមួយនឹងភាពស្មុគស្មាញនៃជម្លោះនាពេលបច្ចុប្បន្ននេះ បង្កជាបញ្ហាប្រឈមដ៏ធំធេង ចំពោះការថែរក្សាសន្តិភាព និងភារកិច្ចដ៏ទូលំទូលាយក្នុងការរក្សាសន្តិភាព និងសន្តិសុខ ។
លោក Lacroix បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិថា “ការរក្សាសន្តិភាពមិនមែនជាវេទមន្ត ដើម្បីជួយប្រទេសមួយឱ្យវិល ទៅរកស្ថិរភាពនោះទេ ប៉ុន្តែដោយមានការគាំទ្រ ពីសហគមន៍អន្តរជាតិ ដែលរួបរួម ដំណើរការនយោបាយ និងកិច្ចព្រមព្រៀងសន្តិភាពត្រូវបានអនុវត្ត” ។
លោកបានលើកឡើងថា ទោះបីជាដំណោះស្រាយ នយោបាយ ចំពោះជម្លោះហាក់ដូចជានៅឆ្ងាយក៏ដោយ ក៏ក្រុមរក្សាសន្តិភាព នៅតែបន្តការពារអាយុជីវិត របស់ជនស៊ីវិលរាប់រយពាន់នាក់នៅក្នុងប្រទេស និងតំបន់ដែលពួកគេ ត្រូវបានដាក់ពង្រាយ។
លោកបានបន្ថែមថា កងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ក៏កំពុងធ្វើការ ដើម្បីរក្សាជនស៊ីវិលឱ្យរួចផុតពីគ្រោះថ្នាក់ ដោយរក្សាបទឈប់បាញ់ និងទប់ស្កាត់ការកើតឡើងវិញនៃអរិភាព ។
លោក Lacroix បានកត់សម្គាល់ថា ការបញ្ចូលគ្នា នៃបាតុភូតសកល រួមទាំងភាពតានតឹងភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ និងឧក្រិដ្ឋកម្មឆ្លងប្រទេស ចង្អុលបង្ហាញពីអនាគតនៃវិបត្តិត្រួតស៊ីគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា