ព័ត៌មានអន្តរជាតិ

វៀតណាម អនុញ្ញាតឱ្យប៉ូលីសចរាចរណ៍ ក្លែងធ្វើជាជនស៊ីវិល ដើម្បីចាប់អ្នកល្មើសច្បាប់

​ប្រភព៖ VnExpress

បរទេស៖ ប៉ូលីសចរាចរណ៍ នៅក្នុងប្រទេសវៀតណាម ដែលត្រូវបានអនុញ្ញាតឱ្យក្លែងខ្លួន ធ្វើជាជនស៊ីវិល និងប្រើប្រាស់ “ឧបករណ៍ពិសេស” ដែលបច្ចុប្បន្ននឹងត្រូវបានដឹកនាំដោយគោលនយោបាយច្បាស់លាស់ បន្ថែមទៀតពីក្រសួង សន្តិសុខសាធារណៈ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា សារាចរថ្មីរបស់ក្រសួង ដែលនឹងចូលជាធរមាន ចាប់ពីថ្ងៃទី១៥ ខែកញ្ញា នឹងអនុញ្ញាតឱ្យក្រុមមន្ត្រី នគរបាលចរាចរណ៍ ដែលក្លែងបន្លំ ប្រើប្រាស់ជំនាញសង្កេតការណ៍ និងឧបករណ៍ជំនាញ ដើម្បីតាមដានស្ថានភាពចរាចរណ៍ ។ បើរកឃើញមានការរំលោភបំពានណាមួយ គឺត្រូវរាយការណ៍ទៅកម្លាំងឯកសណ្ឋាន។

សារាចរចែងថា ក្រុមលាក់កំបាំង និងកងកម្លាំងទៀងទាត់ ត្រូវតែរក្សាចម្ងាយសមរម្យពីគ្នាទៅវិញទៅមក ខណៈពេលដែលត្រួតពិនិត្យអ្នកបើកបរ។

ក្នុងករណីមួយចំនួន នៅពេលដែលមានការរំលោភបំពានធ្ងន់ធ្ងរ មន្ត្រីដែលក្លែងបន្លំធ្វើជាជនស៊ីវិល គឺអាចបង្ហាញវិញ្ញាបនបត្រប៉ូលីសរបស់ពួកគេ និងអាចចាត់មន្រ្តីផ្សេងទៀតដើម្បីជួយពួកគេ ។

ទោះជាយ៉ាងណាក៏ដោយ ការក្លែងបន្លំ និងការងារលាក់កំបាំងនឹងត្រូវបានអនុញ្ញាត តែនៅទីតាំងជាក់លាក់ដែលផែនការ ត្រូវបានអនុម័ត និងដាក់ឱ្យដំណើរការ រួចហើយតែប៉ុណ្ណោះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top