ទ្រីប៉ូលី៖ ប្រភពពី Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា អង្គការអន្តរជាតិ សម្រាប់ការធ្វើចំណាកស្រុក ហៅកាត់ថា (IOM) កាលពីថ្ងៃសុក្របានឲ្យដឹងថា ខ្លួនបានធ្វើមាតុភូមិនិវត្តន៍ ជនចំណាកស្រុកបង់ក្លាដេស ដែលខុសច្បាប់ចំនួន១៥១នាក់ ដែលបានចេញពីប្រទេសលីប៊ី ។
អង្គការ IOM បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “នៅក្នុងសប្តាហ៍នេះ IOM បានជួយជន ចំណាកស្រុកចំនួន១៥១ នាក់ ឱ្យត្រឡប់ទៅប្រទេសបង់ក្លាដេសវិញ ប្រកបដោយសុវត្ថិភាពតាមរយៈកម្មវិធី VHR ដែលគេហៅថា (ការវិលត្រឡប់មនុស្សធម៌ដោយស្ម័គ្រចិត្ត) នៅក្នុងជើងហោះហើរធម្មនុញ្ញពី Benghazi ទៅកាន់ក្រុង Dhaka” ។
គួររំលឹកថា លោក Emad al-Tarabelsi កាលពីថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលីប៊ី បានធ្វើមាតុភូមិនិវត្តន៍ជនចំណាកស្រុកខុសច្បាប់ចំនួន២៧០នាក់ ដោយបានបញ្ជាក់ថា ជនចំណាកស្រុកខុសច្បាប់កាន់តែច្រើននឹង ត្រូវនិរទេសចេញពីប្រទេសលីប៊ីក្នុងពេលឆាប់ៗនេះ។
ដោយសារតែអសន្តិសុខ និងភាពចលាចលនៅក្នុងប្រទេស ចាប់តាំងពីការដួលរលំ នៃរបបមេដឹកនាំចុងក្រោយលោក Muammar Gaddafi ក្នុងឆ្នាំ២០១១ ជនចំណាកស្រុកជាច្រើនដែលភាគច្រើនជាជន ជាតិអាហ្វ្រិកបានជ្រើសរើសឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ទៅកាន់ច្រាំងអឺរ៉ុបពីប្រទេសលីប៊ី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ប្រភព ៖ Xinhua