ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចអាល្លឺម៉ង់ នឹងធ្លាក់ចុះ០,៤ភាគរយនៅឆ្នាំ 2023

ប្រភព ៖ Xinhua

ប៊ែកឡាំង ៖ វិទ្យាស្ថានអាល្លឺម៉ង់ សម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច (DIW Berlin) ​បានបន្ទាបការព្យាករណ៍ របស់ខ្លួន សម្រាប់ប្រទេសសេដ្ឋកិច្ចធំបំផុត របស់អឺរ៉ុប ដោយព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់អាល្លឺម៉ង់ នឹងធ្លាក់ចុះ ០,៤ ភាគរយនៅឆ្នាំ២០២៣ ជំនួសឱ្យការសន្មត់ពីមុន ០,២ភាគរយ ។

DIW បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ត្រីមាសទីពីរ “ខ្សោយគួរឱ្យភ្ញាក់ផ្អើល​ បានធ្វើឱ្យមានការកែតម្រូវចាំបាច់ ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ប្រើ​ប្រាស់​យឺត​ដោយ​គ្រួសារ​ឯកជន ​ក្នុង​ប្រទេស​អាល្លឺម៉ង់ និងការ​នាំ​ចេញ​ដែល​ធ្លាក់​ចុះ បាន​ធ្វើ​ឱ្យការ​ចាប់​ផ្តើម​ស្ទុះ​ងើប​ឡើង​វិញ ​ក្នុង​ប្រទេស​នេះ​ក្នុង​ពេល​បច្ចុប្បន្ន” ។

យោង​តាម​ការិយាល័យ​ស្ថិតិ​សហព័ន្ធ (Destatis) ឱ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​ក្នុង​រដូវរងា​រយៈពេល​ខ្លី GDP បាន​នៅ​ទ្រឹង​ក្នុង​ត្រីមាស​ទី​ពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ហើយនៅដើមឆ្នាំ រដ្ឋាភិបាលរបស់ប្រទេស អាល្លឺម៉ង់ នៅតែរំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសនេះ នឹងជៀសផុតពីការធ្លាក់ចុះ សេដ្ឋកិច្ចក្នុងអត្រាកំណើន 0.2 ភាគរយ ។

ដោយសារតម្លៃទំនិញប្រើប្រាស់ មានសភាពធម្មតាយឺត ជាងកន្លែងផ្សេងទៀតនៅអឺរ៉ុប អាល្លឺម៉ង់ កំពុងស្ថិតក្រោមសម្ពាធជាទីតាំងអាជីវកម្ម។ អតិផរណានៅតែស្ថិតក្នុងកម្រិត ៦,១ភាគរយនៅក្នុងខែសីហា បើធៀបនឹង ៥,៣ភាគរយនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ នេះបើយោងតាមតួលេខផ្លូវការ។

គេហទំព័រ Destatis បានឲ្យដឹងថា អាហារនៅតែជាកត្តាជំរុញអតិផរណា ដ៏សំខាន់នៅក្នុងប្រទេសអាល្លឺម៉ង់ ជាមួយនឹងការកើនឡើង នៅក្នុងក្រុមផលិតផលជាច្រើន “ខ្ពស់ជាងអតិផរណាសរុប” ។ តម្លៃ​ផលិតផល​ថាមពល​ក៏​បាន​កើនឡើង​ផងដែរ ​ក្នុង​អត្រា​ខាងលើ​មធ្យម ដោយ​កើនឡើង​ម្តងទៀត​ដល់ ៨,៣ភាគរយ​ ។

DIW រំពឹងថា សម្រាប់ពេញមួយឆ្នាំនៃឆ្នាំ២០២៣ អតិផរណានឹងបន្តស្ថិត ក្នុងកម្រិតស្រដៀងនឹងអត្រាបច្ចុប្បន្ន ដែលហក់ឡើងជុំវិញ ៦,១ភាគរយ ដោយមិនជិតដល់គោលដៅ ២ ភាគរយរបស់ធនាគារកណ្តាល អឺរ៉ុបរហូតដល់ចុងឆ្នាំក្រោយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top