ព័ត៌មានអន្តរជាតិ

កាសែត Sunday Times៖ បុគ្គលិក​នៅសភា​អង់គ្លេស​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ បាន​លួចយកការណ៍ឱ្យ​ប្រទេស​ចិន

Xinhua
" "

បរទេស៖ កាសែត Sunday Times បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អ្នកស្រាវជ្រាវម្នាក់ដែលធ្វើការ ឱ្យសភាចក្រភពអង់គ្លេស និងបុរសទីពីរត្រូវបានចាប់ខ្លួនកាលពីខែមីនា ពីបទសង្ស័យថា បានធ្វើចារកម្ម (លួចយកការណ៍) ឱ្យប្រទេសចិន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកស្រាវជ្រាវត្រូវបានគេរាយការណ៍ថា បានធ្វើការលើគោលនយោបាយអន្តរជាតិ ហើយមានទំនាក់ទំនងជាមួយ “សមាជិកសភាជាន់ខ្ពស់ Tory” មួយចំនួន ហើយដែលអ្នក​ខ្លះ​មាន​សិទ្ធិ​ចូល​ប្រើ “ព័ត៌មាន​ដែល​ចាត់​ថ្នាក់ ឬ​ព័ត៌មានរសើប​ខ្លាំង”។ ទំនាក់ទំនងរបស់បុរសនោះ ត្រូវបានគេនិយាយថា រួមមានរដ្ឋមន្ត្រីក្រសួងសន្តិសុខ Tom Tugendhat និង Alicia Kearns ប្រធានគណៈកម្មាធិការកិច្ចការបរទេសសភា។

" "

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ គឺសេវាប៉ូលីស Metropolitan បានបញ្ជាក់ថា បុរសម្នាក់ដែលមានអាយុ ៣០ ឆ្នាំ ត្រូវបានចាប់ខ្លួននៅ Oxfordshire ហើយបុរសម្នាក់ទៀតដែលមានអាយុ ២០ ឆ្នាំ ត្រូវបានចាប់ខ្លួននៅ Edinburgh ក្រោមច្បាប់សម្ងាត់ផ្លូវការ។

" "

Metropolitan បាននិយាយថា “ការស្វែងរកក៏ត្រូវបានធ្វើឡើង នៅទាំងអចលនទ្រព្យលំនៅដ្ឋាន ក៏ដូចជានៅអាសយដ្ឋានទីបី នៅភាគខាងកើតទីក្រុងឡុងដ៍”។ ជន​សង្ស័យ​ទាំង​ពីរ​ត្រូវ​បាន​ដោះ​លែង​ឱ្យ ​នៅ​ក្រៅ​ឃុំ​រហូត​ដល់​ចុង​ខែ​តុលា។

បញ្ជាការប្រឆាំងភេរវកម្មរបស់ Met ដែលគ្រប់គ្រងឧក្រិដ្ឋកម្មទាក់ទងនឹងចារកម្ម កំពុងស៊ើបអង្កេតករណីនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top