ព័ត៌មានអន្តរជាតិ

សិង្ហបុរី បិទផ្លូវរត់យន្តហោះ រយៈពេល៣ម៉ោង ក្រោយពីមានអគ្គីភ័យ កើតឡើងលើយន្តហោះ១គ្រឿង នៅឯព្រលានយន្តហោះ Changi

ប្រភព៖ Airline Secrets Exposed

សិង្ហបុរី៖ កាលពីថ្ងៃអាទិត្យ អាកាសយានដ្ឋាន Changi របស់ប្រទេសសិង្ហបុរី បានបិទផ្លូវរត់រយៈពេលប្រហែលជា៣ម៉ោង ហើយយន្តហោះ១គ្រឿង ត្រូវបង្វែរទិសដៅហោះហើយ បន្ទាប់ពីជើងហោះហើរ Air China មួយបានឆាបឆេះ ពេលកំពុងធ្វើដំណើរពីទីក្រុង Chengdu នៅក្នុងប្រទេសចិន ។

ខាងអាកាសយានដ្ឋាន បានឲ្យដឹងនៅក្នុងការបង្ហោះសារ លើបណ្តាញហ្វេសប៊ុក ថា ជើងហោះហើរ CA403 “បានភាយផ្សែងចេញពីខាងក្នុងកន្លែងផ្ទុកទំនិញទៅមុខ និងបន្ទប់ទឹក” នៅម៉ោងប្រហែល៤រសៀល ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី ហៅកាត់ថា (CAAS)បានឲ្យដឹងថា ជើងហោះហើរនោះបានប្រកាសអាសន្ន ហើយបានស្នើសុំការចុះចតបន្ទាន់ ។

យោងតាមសំណើនេះ ត្រូវបានអនុញ្ញាត ហើយយន្តហោះបានចុះចត នៅលើផ្លូវរត់ Runway 3 នៅម៉ោងប្រហែល ៤និង១៥ល្ងាច ។

អាជ្ញាធរបានឲ្យដឹងថា អ្នកដំណើរទាំង១៤៦នាក់ និងនាវិកចំនួន៩នាក់នៅលើយន្តហោះនោះត្រូវបានជម្លៀសចេញដោយសុវត្ថិភាពតាមរយៈការជួយសង្គ្រោះបន្ទាន់របស់យន្តហោះ ហើយត្រូវបានបញ្ជូនតាមរថយន្តក្រុងទៅកាន់ស្ថានីយ ។

នៅវេលាម៉ោងប្រហែល៤និង២៥ល្ងាច ក្រុមសេវាសង្គ្រោះបន្ទាន់នៅអាកាស យានដ្ឋានបានពន្លត់ភ្លើង ដែលស្ថិតនៅម៉ាស៊ីនខាងឆ្វេង នៃយន្តហោះ ។

បើតាមការបញ្ជាក់របស់ CAAS បានឲ្យដឹងថា អ្នកដំណើរ៩នាក់ “បានរងរបួសស្រាល ទាក់ទងនឹងការស្រូបផ្សែង និងការក្តីក្រហាយនៅក្នុងអំឡុង ពេលដំណើរការជម្លៀសខ្លួន ចេញពីយន្តហោះនេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top