ព័ត៌មានអន្តរជាតិ

នាវាចិន ចេញតាមអម និងឃ្លាំមើល ជាប់មិនដាច់ ទៅលើនាវាចម្បាំងអាមេរិក និងកាណាដា ដែលធ្វើដំណើរឆ្លង កាត់ច្រក សមុទ្រតៃវ៉ាន់

ប្រភព៖ Xinhua

បរទេស ៖ អ្នកនាំពាក្យកងទ័ពរំដោះ ប្រជាជនចិន (PLA) លោក Shi Yi បាននិយាយ កាលពីថ្ងៃសៅរ៍ថា កងកម្លាំងប្រដាប់ អាវុធចិន បានអមដំណើរ ដោយសង្កេត មើលនាវាចម្បាំង អាមេរិកមួយគ្រឿង និងនាវចម្បាំងកាណាដា មួយគ្រឿង ដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយបន្ថែមថា ការអមដំណើរ និងឃ្លាំងមើលនេះ ត្រូវបានអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញត្តិ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក Shi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើ WeChat ថា “បញ្ជាការEastern Theater របស់ កងទ័ពរំដោះប្រជាជនចិន បានរៀបចំកងកម្លាំងជើងទឹក និងអាកាស ដើម្បីអមដំណើរ និងសង្កេតមើល នាវាចម្បាំងអាមេរិក និងកាណាដា តាមបណ្តោយផ្លូវទាំងមូល ស្របតាមច្បាប់ និងបទប្បញ្ញត្តិ” ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា សេវាប្រជាជនចិនរក្សាបាននូវកម្រិតខ្ពស់នៃការត្រៀមខ្លួនប្រយុទ្ធ ហើយមិនផ្លាស់ប្តូរក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិ ក៏ដូចជាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

កោះតៃវ៉ាន់ត្រូវបានគ្រប់គ្រង ដោយឯករាជ្យចេញពីចិនដីគោកចាប់តាំងពីឆ្នាំ ១៩៤៩ ។ ទីក្រុងប៉េកាំងបានចាត់ទុក កោះនេះជាខេត្តរបស់ខ្លួន ខណៈដែលកោះតៃវ៉ាន់នៅតែអះអាងថាខ្លួនជាអង្គភាពស្វយ័ត ប៉ុន្តែមិនប្រកាសឯករាជ្យ។ ទីក្រុងប៉េកាំង ប្រឆាំងរាល់ទំនាក់ទំនងបរទេសផ្លូវការ ជាមួយទីក្រុងតៃប៉ិ ហើយចាត់ទុកអធិបតេយ្យភាព របស់ចិនលើកោះនេះ ថាជារឿងដែលមិន អាចប្រកែកបាន៕

ប្រែសម្រួលៈ ណៃ តុលា

To Top