ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងជើង នឹងធ្វើដំណើរទៅរុស្ស៊ី តាមរថភ្លើង ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ

រូបភាពពី៖​ AFP

បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គ្រោងនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ីនាពេលខាងមុខនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីប្រកាស នៃដំណើរទស្សនកិច្ចដែលវិមានក្រឹមឡាំងបាននិយាយថា នឹងប្រព្រឹត្តទៅ “នៅប៉ុន្មានថ្ងៃខាងមុខ” បន្ទាប់ពីការផ្សាយរបស់ទូរទស្សន៍កូរ៉េខាងត្បូង YTN ដែលបានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដែលនិយាយថា លោក គីម “កំពុងធ្វើដំណើក្នុងប្រទេសកូរ៉េខាងជើង តាមរថភ្លើងឯកជនឆ្ពោះទៅព្រំដែនភាគឦសាន»។ រុស្ស៊ី និងកូរ៉េខាងជើង មានព្រំប្រទល់ខ្លីមួយ នៅជិតទីក្រុង វ្លាឌីវ៉ូស្តុក ភាគខាងកើតរបស់រុស្ស៊ី។

ថ្លែងអំពីដំណើរទស្សនកិច្ចនាពេលខាងមុខ លេខាធិការសារព័ត៌មានវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក ពូទីន និងលោក គីម នឹងជួបពិភាក្សាជាមួយគណៈប្រតិភូរុស្ស៊ី និងកូរ៉េខាងជើង ដែលមានវត្តមាន ហើយប្រសិនបើចាំបាច់ គឺ ក្នុងទម្រង់មួយទល់មួយ។

កាលពីដើមខែនេះ កាសែត New York Times ក៏បានរាយការណ៍ផងដែរ ដោយបានលើកឡើងពីមន្ត្រីអាមេរិក និងលោកខាងលិច ផ្សេងទៀតថា លោក គីម ចង់ពិភាក្សាជាមួយសមភាគីរុស្ស៊ី នូវកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀត។ ទន្ទឹមនឹងនេះដែរកាលពីថ្ងៃចន្ទលោកពូទីនបានចាប់ផ្តើមដំណើរកម្សាន្តរយៈពេលពីរថ្ងៃទៅកាន់ទីក្រុង Vladivostok ជាកន្លែងដែលលោកនឹងចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ា៕ ប្រែសម្រួលៈ ណៃ តុលា

To Top