បរទេស៖ ក្រសួងការបរទេសរុស្ស៊ី បានព្រមានថា ឧបទ្វីបកូរ៉េ អាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិថ្មីមួយក្នុងពេលឆាប់ៗនេះ។ អ្នកការទូតជាន់ខ្ពស់ម្នាក់បានចាត់ទុកការកើនឡើងនៃភាពតានតឹងជាចម្បង នោះគឺការកើនឡើងនៃវត្តមានយោធាអាមេរិកនៅក្នុងតំបន់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន TASS នៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាក្នុងទីក្រុង Vladivostok កាលពីថ្ងៃចន្ទ លោក Georgy Zinoviev ប្រធាននាយកដ្ឋានអាស៊ីទីមួយរបស់ក្រសួងការបរទេសរុស្ស៊ី បានអះអាងថា “សក្ដានុពលនៃព្រឹត្តិការណ៍នៅឧបទ្វីបកូរ៉េបង្ហាញថា វិបត្តិថ្មីមួយកំពុងខិតជិតមកដល់។ ” លោកបានលើកឡើងពីវោហាសាស្ត្រដែលមានសង្គ្រាមកាន់តែខ្លាំងឡើងមកពីកូរ៉េខាងជើង និងអាមេរិក ព្រមទាំងកូរ៉េខាងត្បូង និងជប៉ុន។ អ្នកការទូតរូបនេះ ក៏បានកត់សម្គាល់ផងដែរថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត បាននិងកំពុងបង្កើនសមយុទ្ធយោធារួមគ្នានៅក្នុងតំបន់។
លោក Zinoviev បានប្រាប់អ្នកយកព័ត៌មានថា “ជាឧទាហរណ៍ ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៨១ មក នាវាមុជទឹក Kentucky របស់អាមេរិកដែលមានកាំជ្រួចមីស៊ីលផ្លោងដែលមានសមត្ថភាពនុយក្លេអ៊ែរបានបង្ហាញខ្លួននៅក្នុងដែនទឹកកូរ៉េខាងត្បូង” ។
លោកក៏បានកត់សម្គាល់ថា សមយុទ្ធត្រីភាគីអាមេរិក-កូរ៉េខាងត្បូង-ជប៉ុន កំពុងត្រូវបានធ្វើឡើងជាប្រចាំជាងលើកមុនៗ៕ ប្រែសម្រួលៈ ណៃ តុលា