ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,២រ៉ិចទ័រ បានរញ្ជួយចេញពីខេត្ត Maluku ខាងជើង ស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃចន្ទ ដោយមិនបង្កឱ្យមានរលកយក្សស៊ូណាមិ នោះទេ ។
ទីភ្នាក់ងារដដែលនេះបានឲ្យដឹងថា កាលពីដំបូងឡើយគ្រោះរញ្ជួយដីនេះ មានកម្រិត៥,៩ រ៉ិចទ័រ ប៉ុន្តែក្រោយមកបានកែប្រែ កម្លាំងខ្លាំងជាងមុន ។
គ្រោះរញ្ជួយដីនេះមានជម្រៅ១៥២គីឡូម៉ែត្របានកើតឡើង នៅវេលាម៉ោង១៩និង៥១យប់ ម៉ោងនៅទីក្រុងហ្សាកាតា ត្រូវនឹងម៉ោង១២និង៥១នាទី ម៉ោងសកល ជាមួយនឹងចំណុចកណ្តាល របស់វាស្ថិត នៅចម្ងាយ១១គីឡូម៉ែត្រ ភាគឦសាននៃសង្កាត់ Jailolo នៃស្រុក West Halmahera នៃខេត្ត Maluku ខាងជើង ។
ទីភ្នាក់ងារបានឱ្យដឹងថា គ្រោះរញ្ជួយដីដែលមិនមានសក្តានុពល បង្កឱ្យមានរលកយក្សនោះ ក៏ត្រូវបានគេដឹងផងដែរ បានកើតឡើងនៅក្នុងខេត្តជិតខាងគឺ Sulawesi និង Gorontalo ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា