ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសការ វាយប្រហារលើស្ថានទូតរបស់ខ្លួន នៅទីក្រុងប៉ារីស

រូបភាពពី៖​ AFP

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ​បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារលើស្ថានទូតរបស់ប្រទេសក្នុងទីក្រុងប៉ារីសនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ដែលធ្វើឡើងនៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ លោក Kanaani បានលើកឡើងថា ការវាយប្រហារដោយ “ក្រុមប្រឆាំងបដិវត្តន៍អ៊ីរ៉ង់” កាលពីថ្ងៃសៅរ៍បានបណ្តាលឱ្យមានការខូចខាតបន្តិចបន្តួច ដល់ផ្នែកកុងស៊ុលនៃអគារស្ថានទូត។

លោក Kanaani បានលើកឡើងថា អ៊ីរ៉ង់ បានបញ្ជូនការតវ៉ារបស់ខ្លួនទៅកាន់រដ្ឋាភិបាលបារាំង ជាលាយលក្ខណ៍អក្សរ និងតាមរយៈកិច្ចប្រជុំ ហើយឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅអ៊ីរ៉ង់ លោក Nicolas Roche បានប្រាប់ភាគីអ៊ីរ៉ង់ថា រដ្ឋាភិបាលបារាំង បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនេះ ហើយបានបើកការស៊ើបអង្កេត ដើម្បីស្វែងរក និងចាប់ខ្លួនអ្នកវាយប្រហារ។

លោក Kanaani បានបន្ថែមថា ប្រទេសបារាំង ត្រូវបានទាមទារដោយអនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងការទូត ដើម្បីធានាសន្តិសុខ នៃបេសកកម្មការទូតបរទេស នៅលើទឹកដីរបស់ខ្លួន។

បណ្តាញព័ត៌មានអ៊ីរ៉ង់ Press TV បានរាយការណ៍ថា ក្រុមជនវាយប្រហារបានដុតកង់រថយន្តកាលពីថ្ងៃសៅរ៍ នៅមុខច្រកចូល ដែលនាំទៅដល់ផ្នែកកុងស៊ុល នៃស្ថានទូតអ៊ីរ៉ង់ ធ្វើឱ្យខូចខាតទ្វារបន្តិចបន្តួច ដោយបន្ថែមថា ភ្លើងត្រូវបានពន្លត់ភ្លាមៗដោយប៉ូលិស និងអ្នកពន្លត់អគ្គីភ័យ ហើយស្ថានទូតបានដំណើរការជាធម្មតា ក្រោយពីភ្លើតរលត់ទៅវិញ​ ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top