ព័ត៌មានអន្តរជាតិ

​អាមេរិក ប្រារព្ធខួបលើកទី២២ នៃការវាយលើប្រហារ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក

ប្រភព៖ kyodo

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានប្រារព្ធខួបលើកទី២២ នៃការវាយប្រហារ កាលពីថ្ងៃទី១១ ខែកញ្ញា ជាមួយនឹងពិធីរំលឹកវិញ្ញាណក្ខន្ធ បានធ្វើឡើងនៅទីតាំងផ្សេងៗគ្នា ចាប់ពីសូន្យក្នុងទីក្រុងញូវយ៉ក និងក្រសួងការពារជាតិ នៅជាយក្រុងវ៉ាស៊ីនតោន ទៅកាន់មូលដ្ឋានយោធា ក្នុងរដ្ឋអាឡាស្កា ។

មនុស្សដែលបានបាត់បង់ សមាជិកគ្រួសារនៅក្នុងការវាយប្រហារ ភេរវកម្មបានប្តូរវេនគ្នាអានឈ្មោះជនរងគ្រោះក្នុងអំឡុង ពេលពិធីប្រចាំឆ្នាំនៅឯតំបន់ Manhattan​ ជាកន្លែងដែលអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក បានដួលរលំបន្ទាប់ពីត្រូវបានវាយប្រហារ ដោយយន្តហោះប្លន់។

​ជាងកាត់ដេរចូលនិវត្តន៍ម្នាក់អាយុ ៦៩ឆ្នាំបានឲ្យដឹងថា “ការឈឺចាប់មិនបាត់ទៅណាទេ ។ លោកស្រី​បាន​បាត់​បង់​កូន​ស្រី​របស់ខ្លួនឈ្មោះ Laura Angilletta ដែល​មាន​អាយុ ២៣ ឆ្នាំ​នៅ​ពេល​នោះ ហើយ​ធ្វើ​ការ​នៅ​ការិយាល័យ​នៅ​លើ​ជាន់​ទី១០០ នៃអគារខ្ពស់មួយនោះ ។

បុរសចំណាស់ម្នាក់ឈ្មោះ Kazusada Sumiyama អាយុ ៨៦ ឆ្នាំមកពីទីក្រុងតូក្យូ ដែលកូនប្រុសរបស់លោកឈ្មោះ Yoichi Sugiyama ជាបុគ្គលិកធនាគារ ត្រូវបានសម្លាប់ក្នុងអាយុ ៣៤ ឆ្នាំក្នុងការវាយប្រហារនោះ ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ។ លោកត្រូវបានគេស្គាល់ថា ជាអ្នកនិពន្ធនៃការបកប្រែភាសាជប៉ុន ​នៃរបាយការណ៍ផ្លូវការ របស់សហរដ្ឋអាមេរិក ស្តីពីឧប្បត្តិហេតុនេះ។

លោក Sumiyama បានលើកឡើងថា “ខ្ញុំមិនអាចមកសហរដ្ឋអាមេរិកបាននោះទេ ដោយសារជំងឺរាតត្បាតកូវីដ-១៩។ ខ្ញុំបានគិតជាយូរមកហើយថា ខ្ញុំត្រូវតែទៅកន្លែង ដែលកូនប្រុសរបស់ខ្ញុំ បានស្លាប់ម្តងទៀត” ។

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ភេរវករមកពីក្រុមជ្រុលនិយមអ៊ីស្លាម អាល់កៃដា បានប្លន់យន្តហោះពាណិជ្ជកម្មចំនួន ៤គ្រឿង ដោយចេតនាបើក យន្តហោះ២គ្រឿង ក្នុងចំណោម ៤គ្រឿងបំបុកអគារភ្លោះនៃអគារពាណិជ្ជកម្មពិភពលោក និងមួយគ្រឿងទៀត ចូលទៅក្នុងមន្ទីរបញ្ចកោណ​ និងយន្តហោះទី៤ បានធ្លាក់នៅវាល​មួយក្នុងរដ្ឋ Pennsylvania ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top