បរទេស ៖ នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ លោក ស្រែថា ថាវិនស៊ិន បានប្តេជ្ញាថានឹងចាត់វិធានការ ឱ្យបានឆាប់រហ័ស ដើម្បីបន្ធូរបន្ថយបញ្ហា សេដ្ឋកិច្ចរបស់ប្រទេស នៅក្នុងសុន្ទរកថា ទៅកាន់សភាកាលពីថ្ងៃចន្ទ បន្ទាប់ពីមានភាពមិនច្បាស់លាស់ ផ្នែកនយោបាយរយៈពេល៤ខែ ខណៈដែលសមាជិកសភា មិនអាចយល់ព្រមលើរដ្ឋាភិបាលមួយ ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ស្រែថា បានចូលប្រឡូកក្នុងឆាកនយោបាយ បន្ទាប់ពីអាជីពជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយ ហើយរដ្ឋាភិបាលរបស់លោកកំពុងប្រឈមមុខ នឹងការរំពឹងទុកខ្ពស់ និងការទាមទារជាបន្ទាន់ ដើម្បីឱ្យដោះស្រាយបញ្ហាសេដ្ឋកិច្ច នយោបាយ សង្គម និងបរិស្ថាន ក្នុងរយៈពេលបួនឆ្នាំ នៃអាណត្តិរបស់ខ្លួន។
សេដ្ឋកិច្ចរបស់ប្រទេសថៃបានធ្លាក់ចុះបន្ទាប់ពីជំងឺរាតត្បាត COVID-19 បានធ្វើឱ្យឧស្សាហកម្មទេសចរណ៍ដែលរកកម្រៃបានធ្លាក់ចុះ។ លោកស្រែថា បាននិយាយថា បំណុលសាធារណៈបានកើនឡើងដល់ជាង ៦០ភាគរយនៃ GDP ក្នុងឆ្នាំ ២០២៣ ខណៈដែលបំណុលគ្រួសារបានកើនឡើងដល់ជាង ៩០ភាគរយ នៃ GDP នៅឆ្នាំនេះ។
សេដ្ឋកិច្ចក្រោយជំងឺរាតត្បាត របស់ប្រទេសថៃ គឺដូចជា “អ្នកជំងឺ” ម្នាក់ដែលជាសះស្បើយយឺតដែលធ្វើឱ្យប្រទេសជាតិ “ប្រឈមនឹងហានិភ័យ នៃការចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច” ។ លោកបានប្តេជ្ញាចាត់វិធានការយ៉ាងឆាប់ រហ័សដើម្បីបំបាត់បញ្ហាបំណុល កាត់បន្ថយការកើនឡើងថ្លៃថាមពល និងជំរុញវិស័យទេសចរណ៍ ប៉ុន្តែយ៉ាងណាក៏ដោយ លោកមិនបាននិយាយលម្អិតនោះទេ។
លោកក៏បាននិយាយផងដែរថា រដ្ឋាភិបាលនឹងធ្វើការភ្លាមៗដើម្បីអនុវត្តការសន្យាអំឡុងពេលធ្វើយុទ្ធនាការរកសំឡេងឆ្នោត ដោយនឹងផ្តល់លុយចំនួន ១ម៉ឺនបាត ស្មើនឹងប្រហែល ២៨០ដុល្លារ សម្រាប់ប្រជាជនថៃ ទាំងអស់ដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ ដើម្បីជំរុញសេដ្ឋកិច្ច ដោយការជំរុញការ ចំណាយរយៈពេលខ្លី។ ព័ត៌មានលម្អិតមិនត្រូវបានផ្តល់ឱ្យទេ ទោះបីជាលោកធ្លាប់បាននិយាយថា គម្រោងនេះនឹងត្រូវចំណាយរហូតដល់ទៅ ១៥,៨ ពាន់លានដុល្លារ ហើយនឹងរួចរាល់ក្នុងការចែកចាយ នៅត្រីមាសទីមួយនៃឆ្នាំក្រោយ ។
ការសន្យានេះបានទាក់ទាញ ចំណាប់ អារម្មណ៍យ៉ាងខ្លាំង នៅក្នុងយុទ្ធនាការបោះឆ្នោត ប៉ុន្តែអ្នករិះគន់បានចោទ ជាសំណួរថាតើ វានឹងមាននិរន្តរភាពដែរឬទេ។
គោលដៅរយៈពេលវែង ដែលលើកឡើងដោយលោកស្រែថា នាយករដ្ឋមន្រ្តី រួមមានការជំរុញពាណិជ្ជកម្មអន្តរជាតិ គាំទ្រការចាប់ផ្តើមធ្វើអាជីវកម្ម ការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការកែលម្អផលិតកម្មកសិកម្ម ការផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលមូលដ្ឋាន និងការបង្កើនសិទ្ធិទទួលបានកម្មសិទ្ធិដីធ្លី៕
ប្រែសម្រួលៈ ណៃ តុលា