វ៉ាស៊ីនតោន៖ សេតវិមានដែលបានចេញផ្សាយព័ត៌មានពេញលេញក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden ទៅកាន់ប្រទេសវៀតណាម ដែលមានជាង ២.៦០០ ពាក្យ។ ផ្នែកសិទ្ធិមនុស្សមានតែ ១១២ ពាក្យ រួមទាំងចំណងជើងរង។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា តាមទស្សនៈពាណិជ្ជកម្ម និងយុទ្ធសាស្ត្រ ដំណើរទស្សនកិច្ចរបស់លោក Biden ទៅកាន់ប្រទេសវៀតណាមនៅថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ ព្រមទាំងទៅកាន់ប្រទេសឥណ្ឌាកាលពីចុងសប្តាហ៍មុន ទំនងជានឹងត្រូវបានគេមើលឃើញថា ជាការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសដែលអាចជួយទីក្រុងវ៉ាស៊ីនតោន ទប់ទល់នឹងការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន។
ប៉ុន្តែសម្រាប់អ្នកតស៊ូមតិសិទ្ធិ មើលឃើញថា ការធ្វើដំណើររបស់លោក Biden គឺជាការខកចិត្តមួយ ដូចដែលលោកបានផ្តល់ការប្តេជ្ញាចិត្តរបស់រដ្ឋបាលរបស់លោកក្នុងការផ្តល់អាទិភាពដល់សិទ្ធិមនុស្ស នៅពេលចូលកាន់តំណែងនៅឆ្នាំ ២០២១។
នៅទីក្រុងហាណូយ លោក Biden បាននិយាយថា សហរដ្ឋអាមេរិក កំពុងបង្កើនទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” និងធ្វើឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងវិស័យបណ្តាញអិនធ័រណិត ឧបករណ៍អេឡិចត្រូនិក និងបញ្ញាសិប្បនិម្មិត។ សេតវិមានក៏បានបង្ហាញផងដែរនូវការទិញយន្តហោះ Boeing 737 Max ចំនួន ៥០ គ្រឿងដែលមានតម្លៃ ៧,៨ ពាន់លានដុល្លាររបស់ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម Airlines។
អ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សភ័យខ្លាចអំពីការខ្វះការយកចិត្តទុកដាក់លើសិទ្ធិមនុស្ស ខណៈពេលដែលមិននឹកស្មានដល់ ដែលមិនត្រឹមតែបរាជ័យក្នុងការកែលម្អលក្ខខណ្ឌនៅក្នុងប្រទេសវៀតណាម និងឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែហានិភ័យធ្វើឱ្យពួកគេកាន់តែអាក្រក់ទៅកន្លែងផ្សេងទៀត៕ ប្រែសម្រួលៈ ណៃ តុលា