ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង បញ្ចេញវីដេអូ នៃជំនួបរវាងលោក ពូទីន និង លោក គីម ជុងអ៊ុន

ប្រភព ៖ Kremlin pool

បរទេស៖ ប្រធានាធិបតីរុស្ស៊ី បានស្វាគមន៍មេដឹកនាំកូរ៉េខាងជើង ដោយផ្ទាល់នៅឯទីក្រុង Vostochny Cosmodrome។ នេះបើតាមវីដេអូនៃការចាប់ដៃ ដែលបានចែករំលែក ដោយវិមានក្រឹមឡាំង នៅថ្ងៃពុធ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក វ្ល៉ាឌីមៀ ពូទីន បានមកដល់ទីក្រុង Vostochny នៅព្រឹកថ្ងៃពុធ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់វេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង Vladivostok ។ ទន្ទឹមនឹងនោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមកដល់រុស្ស៊ី តាមរថភ្លើងពាសដែក របស់លោក បន្ទាប់ពីបានឆ្លងចូលទៅក្នុងទឹកដីរុស្ស៊ី កាលពីព្រឹកថ្ងៃអង្គារ ។

លោកពូទីនបានប្រាប់ភ្ញៀវរបស់លោកថា “ខ្ញុំរីករាយណាស់ ដែលបានជួបអ្នក” ដោយកត់សម្គាល់ថា កិច្ចប្រជុំនេះ គឺជានិមិត្តសញ្ញាជាពិសេស ដែលថាឆ្នាំ២០២៣ គឺជាខួបលើកទី៧៥ នៃការបង្កើត របស់ប្រទេសកូរ៉េខាងជើង និង ៧០ឆ្នាំ ចាប់តាំងពីបញ្ចប់សង្គ្រាមកូរ៉េ ក៏ដូចជា ៧៥ឆ្នាំ នៃទំនាក់ទំនងការទូត ជាមួយរុស្ស៊ី ។

មេដឹកនាំកូរ៉េខាងជើង បានថ្លែងអំណរគុណ ចំពោះលោកពូទីន សម្រាប់ការអញ្ជើញ និងការស្វាគមន៍យ៉ាងកក់ក្តៅ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top