ព័ត៌មានអន្តរជាតិ

លោក ពូទីន ប្រធានាធិបតីរុស្ស៊ី បានទទួលយកការអញ្ជើញរបស់លោក គីម ជុងអ៊ុន ដើម្បីទៅទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង

រូបភាពពី៖​ AFP

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើង, នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ កណ្តាល ដោយអះអាងថា ការផ្តល់ជូននេះត្រូវបានភាគីប្រធានាធិបតីរុស្ស៊ីទទួលយកផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក គីម ត្រូវបានគេទទួលនៅឯទីតាំងបាញ់បង្ហោះយានអវកាស Vostochny Cosmodrome ក្នុងតំបន់ Far East របស់រុស្ស៊ីកាលពីថ្ងៃពុធ ខណៈដែលលោកធ្វើទស្សនកិច្ចនៅប្រទេសនេះសម្រាប់ដំណើរទស្សនកិច្ចផ្លូវការមួយ។ ជួបជាមួយលោកពូទីន និងមន្ត្រីកំពូលរុស្ស៊ីផ្សេងទៀតនៅឯកន្លែងបាញ់បង្ហោះយានអវកាស លោក គីម តាមសេចក្តីរាយការណ៍បានអញ្ជើញប្រធានាធិបតីឱ្យទៅមើលប្រទេសរបស់លោកដោយផ្ទាល់បន្ទាប់ពីព្រឹត្តិការណ៍នេះ។

សារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានរាយការណ៍ថា “នៅចុងបញ្ចប់នៃពិធីទទួល លោក គីម ជុងអ៊ុន បានអញ្ជើញលោក ពូទីន ឱ្យទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ក្នុងពេលដ៏សមស្របណាមួយ” ដោយបន្ថែមថា “លោកពូទីន បានទទួលយកការអញ្ជើញដោយក្តីរីករាយ និងបានអះអាងជាថ្មីនូវឆន្ទៈរបស់លោកក្នុងការបន្តទៅមុខជានិច្ចនូវប្រវត្តិសាស្ត្រ និងប្រពៃណីនៃការ មិត្តភាពរុស្ស៊ី-កូរ៉េខាងជើង”។

ទោះបីជាយ៉ាងណាក៏ដោយ បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov មិនទាន់មានផែនការជាក់លាក់ណាមួយត្រូវបានធ្វើឡើងសម្រាប់ដំណើរទស្សនកិច្ចបែបនេះនៅឡើយទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top