ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសរុស្ស៊ី ហៅអនុត្តរភាពយោធាអាមេរិកថា ជាអំពើអាក្រក់បំផុតនៃពិភពលោក សម័យទំនើប

AFP

ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយថា អនុត្តរភាពយោធារបស់សហរដ្ឋអាមេរិក គឺជាអំពើអាក្រក់ដ៏ធំបំផុតមួយនៃពិភពលោកទំនើប។

លោកស្រី Zakharova បានធ្វើការកត់សម្គាល់ដោយអត្ថាធិប្បាយលើរបាយការណ៍ថ្មីៗ ដែលចេញផ្សាយដោយវិទ្យាស្ថានស៊ីនហួ ដែលជាអ្នកគិតរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួ ស្តីពី “ប្រភពដើម ការពិត និងគ្រោះថ្នាក់” នៃអនុត្តរភាពយោធាសហរដ្ឋអាមេរិក។

អ្នក​នាំពាក្យ​រូប​នេះ​បានឲ្យដឹង​ថា របាយការណ៍​នេះទាន់​ពេល​វេលា ហើយ​ពាក្យ​សម្ដី​របស់​វាពិត​ជា​ត្រឹមត្រូវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អនុត្តរភាពយោធារបស់សហរដ្ឋអាមេរិកបានបង្កការលំបាកសម្រាប់ពិភពលោកក្នុងការដោះស្រាយបញ្ហាសំខាន់ៗមួយចំនួន និងសម្រាប់ប្រទេសនានាឱ្យមានសិទ្ធិ និងកាតព្វកិច្ចស្មើគ្នា ដោយលោកស្រី Zakharova បានលើកឡើងថា វាបានរារាំងការអភិវឌ្ឍន៍សកលលោកទាំងមូល។

លោកស្រី​បាន​បន្ត​ថា វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​សហរដ្ឋអាមេរិក​ផង​ដែរ​។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា បំណុលជាតិដ៏ធំរបស់វាគឺ “ការបង្ហាញមួយនៃការពិតដែលថា ក្នុងការស្វែងរកការត្រួតត្រា សហរដ្ឋអាមេរិក បានព្រងើយកន្តើយនឹងបញ្ហាផ្ទាល់ខ្លួនរបស់ខ្លួន ដែលលែងជាបញ្ហាទៀតហើយ ប៉ុន្តែបានក្លាយទៅជាវិបត្តិ” ។

លោកស្រីបានបញ្ជាក់បន្ថែមថា អនុត្តរភាពរបស់សហរដ្ឋអាមេរិក សាបព្រួសអស្ថិរភាព និងធ្វើការប្រឆាំងនឹងគោលការណ៍សមូហភាពនៃទំនាក់ទំនងអន្តរជាតិ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top