បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេស្តូនី លោក Lauri Laanemets កាលពីថ្ងៃព្រហស្បតិ៍ បានគាំទ្រការអនុវត្តយ៉ាងតឹងរ៉ឹងនៃទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីរបស់រដ្ឋបាល់ទិក (អេស្តូនី, ឡាតវី និងប្រទេសលីទុយអានី) ដោយលោកបានអំពាវនាវឱ្យមានការរឹបអូសយានយន្តដែលមានអាជ្ញាប័ណ្ណពីរុស្ស៊ី។ ការអត្ថាធិប្បាយរបស់លោកបានកើតឡើងខណៈដែលរដ្ឋធានី Tallinn បានហាមឃាត់រថយន្តរុស្ស៊ីរួចហើយ មិនឱ្យចូលក្នុងប្រទេសដើម្បីស្របតាមការបង្គាប់របស់ក្រុងព្រុចសែលលើបញ្ហានេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ រថយន្តរុស្ស៊ីត្រូវបានអនុញ្ញាតឱ្យចេញពីប្រទេសអេស្តូនី និងឆ្លងកាត់ព្រំដែនខាងក្នុងសហភាពអឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាល លោក Laanemets បានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនរបស់លោកថា រថយន្តទាំងអស់ដែលបានចុះបញ្ជីនៅប្រទេសរុស្ស៊ីនៅក្នុងប្រទេសអេស្តូនី គួរតែត្រូវបានរឹបអូស។ លោកក៏បានលើកជាសំណួរថាហេតុអ្វីបានជាមានយានយន្តបែបនេះមានក្នុងប្រទេស?
លោករដ្ឋមន្ត្រីបានស្នើថា “ប្រសិនបើរថយន្តទាំងនេះបើកបរមកទីនេះឥតឈប់ឈរ នោះប្រហែលជាពួកគេគួរតែចុះបញ្ជីនៅក្នុងប្រទេសអេស្តូនីវិញ”។
លោកបានបន្ថែមថា អនុលោមតាមគោលការណ៍ណែនាំរបស់គណៈកម្មការអឺរ៉ុប ការអនុញ្ញាតឱ្យយានយន្តដែលមានស្លាកលេខរុស្ស៊ីចេញពីប្លុក នឹងត្រូវបានចាត់ទុកថាជាចលនានៃទំនិញដែលត្រូវដាក់ទណ្ឌកម្ម៕ ប្រែសម្រួលៈ ណៃ តុលា