បរទេស៖ លោក Pita Limjaroenrat នៅថ្ងៃសុក្រនេះបានលាលែងពីតំណែងជាមេដឹកនាំគណបក្ស Move Forward ដោយបានលះបង់ឱកាសក្លាយជាមេដឹកនាំបក្សប្រឆាំង។
យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Pita បានពន្យល់នៅក្នុងការបង្ហោះហ្វេសប៊ុកថា លោកត្រូវបង្ខំឱ្យលាលែងពីតំណែងបន្ទាប់ពីត្រូវបានព្យួរតំណែងជាសមាជិកសភាដោយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញក្នុងសំណុំរឿងកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោក។
លោកក៏បានចង្អុលបង្ហាញថា គណបក្ស Move Forward ត្រូវបានបង្ខំឱ្យចូលក្នុងក្រុមប្រឆាំង បើទោះបីជាទទួលបានសំឡេងច្រើនជាងគេក្នុងការបោះឆ្នោតថ្ងៃទី ១៤ ខែឧសភា ក៏ដោយ។
លោក Pita បាននិយាយថា លោកបានសម្រេចចិត្តលាឈប់ពីតំណែងជាប្រធានគណបក្ស បន្ទាប់ពីពិភាក្សាជាមួយគណៈកម្មាធិការប្រតិបត្តិ និងសមាជិកសភារបស់គណបក្សលោក។
លោកបានបន្ថែមថា បក្ស Move Forward ត្រូវតែដឹកនាំគណបក្សប្រឆាំងនៅក្នុងសភា ដើម្បីជំរុញការផ្លាស់ប្តូរនៅក្នុងប្រទេសថៃ ដែលមិនមែនជាផ្នែកនៃគោលនយោបាយរបស់រដ្ឋាភិបាល។
លោកបានថ្លែងថា «ហេតុដូច្នេះហើយបានជាខ្ញុំសម្រេចលាលែងពីតំណែងជាប្រធានគណបក្ស Move Forward ដើម្បីឲ្យគណបក្សជ្រើសរើសសមាជិកសភាដែលអាចក្លាយជាប្រធានគណបក្សប្រឆាំងក្នុងសភានិងជាប្រធានគណបក្សជំនួសខ្ញុំ»៕ ប្រែសម្រួលៈ ណៃ តុលា