ព្រឹកថ្ងៃទី ១៧ ខែកញ្ញា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីបើកពិព័រណ៏ចិន-អាស៊ានលើកទី២០ និងកិច្ចប្រជុំកំពូលស្តីពីធុរកិច្ចនិងវិនិយោគចិន-អាស៊ាននៅក្រុងណានីង ភូមិភាគស្វយ័តជនជាតិជ័ងក្វាងស៊ី ព្រមទាំងថ្លែងសុន្ទរកថា ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ លោក Anwar នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Phạm Minh Chính នាយករដ្ឋមន្ត្រីវៀតណាម លោក Ma'ruf Amin អនុប្រធានាធិបតីឥណ្ឌូណេស៊ី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ និងលោកកៅ គឹមហួន អគ្គលេខាធិការអាស៊ាន ព្រមនិងតំណាងមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនៃប្រទេសចិននិងប្រទេសអាស៊ានជាដើម សរុបប្រហែល១២០០នាក់បានចូលរួមពិធីបើកពិព័រណ៍លើកនេះ ។
ថ្លែងក្នុងពិធីបើក លោក Li Qiang បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងអាស៊ានបានក្លាយជាគំរូដ៏ជោគជ័យបំផុតនិងមានភាពរស់រវើកបំផុតក្នុងកិច្ចសហប្រតិបតិ្តការនៅតំបន់អាស៊ីប៉ាស៊ីកហ្វិករួចហើយ សភាពការណ៍ដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងចិននិងអាស៊ានគឺបានមកដោយមិនងាយទេ ដែលបានប្រមូលផ្តុំនូវកិច្ចខិតប្រឹងប្រែងរួមរបស់បណ្តាភាគីនានា ក្នុងនោះធាតុពិតនិងខ្លឹមសារជាស្នូលគឺទស្សនៈស្តីពីភាពជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងបរិយាប័ន្នដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន ។
ពួកយើងគួរតែខិតខំប្រឹងប្រែងបង្កើតបរិយាកាសដ៏ល្អប្រសើរដែលមានអំណោយផលដល់ការអភិវឌ្ឍ វិបុលភាព សន្តិភាពនិងសុខសាន្តត្រាន ធ្វើឱ្យការអភិវឌ្ឍរបស់បណ្តាប្រទេសនានាអាចបង្កើតសុខសុភមង្គលកាន់តែច្រើនដល់ប្រទេសជិតខាងនិងប្រជាជនក្នុងតំបន់ ។
ថ្លែងក្នុងសុន្ទរកថា អ្នកដឹកនាំនៃប្រទេសអាស៊ានដែលបានចូលរួមពិធីបើកបានថ្លែងថា ប្រទេសអាស៊ានបានកោតសរសើរខ្ពស់ចំពោះទស្សនៈស្តីពីភាពជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងបរិយាប័ន្នដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន និងការរួមចំណែកដ៏សំខាន់របស់ចិនក្នុងការជំរុញសន្តិភាពនិងភាពរុងរឿងក្នុងតំបន់ រីករាយបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសចិន បើកទូលាយទីផ្សារថែមមួយកម្រិតទៀត បង្កើនការតភ្ជាប់គ្នានិងការពឹងផ្អែកគ្នាទៅវិញទៅមក បន្តជំរុញកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រឆាំងការគាំពារនិយាម ក្នុងន័យចាប់ដៃគ្នាទប់ទល់នឹងការប្រឈមជាសកលដូចជាសន្តិសុខស្បៀងអាហារនិងបម្រែបម្រួលអាកាសធាតុជាដើម ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងការអភិវឌ្ឍរួម ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន