ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង​ ព្រមានឆ្លើយតបធ្ងន់ៗ ប្រសិនបើកូរ៉េខាងជើងហ៊ាន ប្រើប្រាស់នុយក្លេអ៊ែរ

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានព្រមានថា ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន នឹងសងសឹកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើកូរ៉េខាងជើង ងាកទៅរកការប្រើប្រាស់ អាវុធនុយក្លេអ៊ែរនាពេលណាមួយ។

លោក Yoon បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយនឹងក្រុមអ្នកកាសែត កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបាន បញ្ជាក់សាជាថ្មីហើយថា រាល់ការវាយប្រហារនុយក្លេអ៊ែរ ដោយកូរ៉េខាងជើង នឹងត្រូវបានឆ្លើយតបយ៉ាងរហ័ស ព្រមទាំងលើសលប់ និងដោយមានទំនួលខុសត្រូវបំផុត ។

គួរឲ្យដឹងដែរថាប្រទេសកូរ៉េខាងជើង ដែលបានធ្វើតេស្តមីស៊ីលផ្លោង ជាបន្តបន្ទាប់ក្នុងឆ្នាំនេះ បានព្រមានជាច្រើនដងថា ខ្លួននឹងមិនស្ទាក់ស្ទើរក្នុងការ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារខ្លួននោះទេ។

គួរឲ្យដឹងដែរថា មេដឹកនាំប្រទេសលោក Kim Jong unធ្លាប់បាននិយាយកាលពីដើមឆ្នាំនេះថា កងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាងនឹងរៀបចំ យ៉ាងល្អឥតខ្ចោះសម្រាប់បំពេញបេសកកម្ម ដ៏សំខាន់របស់ពួកគេគ្រប់ពេលវេលា ប្រសិនបើទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនមិនបញ្ឈប់ ការបង្កហេតុឆ្ពោះចំពោះទីក្រុងព្យុងយ៉ាង ដូចជាការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំតូច នៅតាមតំបន់ជុំវិញឧបទ្វីបកូរ៉េនោះជាដើម ៕

ប្រែសម្រួល៖ ស៊ុន លី

To Top