កង់បេរ៉ា៖ របាយការណ៍របស់រដ្ឋាភិបាល បានរកឃើញថា ផែនការដែលបានស្នើឡើង ដើម្បីជំនួសស្ថានីយ៍ថាមពល ដើរដោយធ្យូងថ្ម ដែលចូលនិវត្តន៍របស់ប្រទេសអូស្ត្រាលី ជាមួយនឹងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូច នឹងត្រូវចំណាយអស់រាប់រយពាន់លានដុល្លារ។
យោងតាមការវិភាគ ដែលចេញផ្សាយដោយ នាយកដ្ឋានប្រែប្រួលអាកាសធាតុ ថាមពល បរិស្ថាន និងទឹក (DCCEEW) នៅថ្ងៃចន្ទនេះ រ៉េអាក់ទ័រម៉ូឌុលខ្នាតតូច (SMRs) អប្បបរមា ៧១,៣០០ មេហ្គាវ៉ាត់ (MW) នឹងត្រូវការចាំបាច់ ដើម្បីទូទាត់សមត្ថភាព ផលិតថាមពលរបស់ ស្ថានីយដុតធ្យូងថ្មរបស់អូស្ត្រាលី។
ផ្អែកលើទិន្នន័យពីប្រតិបត្តិករទីផ្សារថាមពលអូស្ត្រាលី (AEMO) និងអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្ម Commonwealth (CSIRO) របាយការណ៍ DCCEEW បានស្នើថា សំណើនេះនឹងត្រូវចំណាយរហូតដល់ ៣៨៧ ពាន់លានដុល្លារអូស្ត្រាលី (២៤៩ពាន់លានដុល្លារ) ឬ ២៥,០០០ ដុល្លារអូស្ត្រាលី ( ១៦,១០០ដុល្លារអាមេរិក) សម្រាប់អ្នកជាប់ពន្ធ។
ផែនការនេះត្រូវបានស្នើឡើង ដោយមេដឹកនាំប្រឆាំងលោក Peter Dutton ដែលបានឲ្យដឹងនៅក្នុងសុន្ទរកថា មួយកាលពីខែកក្កដា រោងចក្រដុតធ្យូងថ្ម ដែលចូលនិវត្តន៍អាចត្រូវបានបំប្លែង ឬប្រើឡើងវិញ ដើម្បីផលិតថាមពលនុយក្លេអ៊ែរជា “ដៃគូ” ទៅនឹងប្រភពថាមពលកកើតឡើងវិញ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការប្រែប្រួលអាកាសធាតុ និងថាមពលលោក Chris Bowen បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយនៅថ្ងៃចន្ទនេះថា របាយការណ៍របស់ DCCEEW បានបង្ហាញថា ការផលិតថាមពលនុយក្លេអ៊ែរ មិនអាចដំណើរការបាននោះទេ។
នៅក្រោមច្បាប់បច្ចុប្បន្ន វាត្រូវបានហាមឃាត់មិនឱ្យសាងសង់ស្ថានីយ៍ ថាមពលនុយក្លេអ៊ែរនៅគ្រប់រដ្ឋ និងដែនដីអូស្ត្រាលី នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នាយករដ្ឋមន្ត្រីអង់គ្លេស Anthony Albanese កាលពីខែសីហាបានច្រានចោល រាល់វិធានការណ៍ ដើម្បីលុបចោលការហាមឃាត់ដោយថា ថាមពលនុយក្លេអ៊ែរជាជម្រើស ដែលអាចសម្រេចបានផ្នែកសេដ្ឋកិច្ច ៕
ប្រែសម្រួល ឈូក បូរ៉ា