ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា ការរារាំងអ្នកត្រួតពិនិត្យ IAEA គឺសមហេតុផល

រូបភាពពី៖​ AFP
" "

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ការរារាំងអ្នកត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលត្រូវបានប្រគល់ឱ្យប្រទេសអ៊ីរ៉ង់ គឺជាសិទ្ធិដែលប្រទេសនេះ កំពុងអនុវត្តក្រោមកិច្ចព្រមព្រៀងការពារទ្វេភាគី។

លោកបានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អគ្គលេខាធិការ IAEA លោក Rafael Grossi ដែលបានរិះគន់ចំណាត់ការរបស់អ៊ីរ៉ង់ថា “មិនសមាមាត្រ និងមិនធ្លាប់មាន” ក្នុងការរារាំងអធិការមួយចំនួន។

" "

លោក Kanaani មានការសោកស្ដាយដែលថា ទោះបីជាអ៊ីរ៉ង់ មាន “ទំនាក់ទំនងវិជ្ជមាន ស្ថាបនា និងជាបន្ត” ជាមួយទីភ្នាក់ងារនេះ ក្រុមប្រទេស E3 នៃប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ក៏ដូចជាសហរដ្ឋអាមេរិក បានប្រើប្រាស់តាមរយៈការទាមទារហួសហេតុរបស់ពួកគេ ក្រុមប្រឹក្សាភិបាលរបស់ IAEA នៅដើមសប្តាហ៍នេះ ដើម្បី “បំផ្លាញ បរិយាកាសរីកសាយភាយកិច្ចសហប្រតិបត្តិការរវាងទីក្រុងតេអេរ៉ង់ និងទីភ្នាក់ងារ ហើយសម្រេចបាននូវគោលបំណងនយោបាយរបស់ពួកគេ”។

" "

ចំណាត់ការរបស់អ៊ីរ៉ង់ ត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងការអំពាវនាវដែលដឹកនាំដោយសហរដ្ឋអាមេរិក និង E3 នៅ IAEA កាលពីដើមសប្តាហ៍នេះ ស្តីពីទីក្រុងតេអេរ៉ង់ ដើម្បីសហការភ្លាមៗជាមួយ IAEA លើបញ្ហារួមទាំង “ការពន្យល់អំពីដានអ៊ុយរ៉ាញ៉ូម ដែលបានរកឃើញនៅកន្លែង ដែលមិនបានបញ្ជាក់របស់ខ្លួន” ។

លោក Grossi បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ “ប៉ះពាល់ដល់ការធ្វើផែនការ និងការប្រព្រឹត្តិធម្មតានៃសកម្មភាពផ្ទៀងផ្ទាត់របស់ទីភ្នាក់ងារនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយផ្ទុយពីបើកចំហ ចំពោះកិច្ចសហប្រតិបត្តិការ ដែលគួរតែមានរវាង IAEA និងប្រទេសនេះ”។

ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នៅក្នុងខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមដាក់ការទប់ស្កាត់មួយចំនួនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសនេះ។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងកាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគីរបស់ខ្លួនឡើងវិញលើទីក្រុងតេអេរ៉ង់ ដែលជំរុញឱ្យភាគីក្រោយកាត់បន្ថយការប្តេជ្ញាចិត្តនុយក្លេអ៊ែរមួយចំនួននៅក្រោមកិច្ចព្រមព្រៀងនេះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top