“នៅពីក្រោយ “ការប្លន់រហ័ស” តាមពិតទៅគឺឧក្រិដ្ឋកម្មដែលមានការរៀបចំចាត់ចែង។” ប៉ុន្មានថ្ងៃកន្លងទៅនេះ លើបណ្តាញទំនាក់ទំនងសង្គមរបស់អាមេរិក អ្នកប្រើអ៊ីនធឺណែតបាននាំគ្នាបង្ហោះសារឬចែករំលែកបន្ត ដើម្បីសម្តែងការខឹងសម្បា ។ នៅហាងលក់ទំនិញ Macy’s ដែលឋិតនៅ Northridge Mall ក្នុងទីក្រុង Los Angeles ទូកញ្ចក់ដាក់ទំនិញត្រូវគេវាយកម្ទេច ទឹកអប់តម្លៃ២ម៉ឺនដុល្លារអាមេរិកត្រូវបាត់បង់ ហាងលក់ទំនិញ Nordstrom នៅទីក្រុង Los Angeles ត្រូវបានមនុស្សរាប់សិបនាក់ឆក់ប្លន់ ។ល។ នាពេលថ្មីៗកន្លងទៅនេះ នៅអាមេរិកបានកើតមានករណីបែបនេះយ៉ាងច្រើនរាប់មិនអស់ ។ តាមពិតទៅ ករណីបែបនេះតែងតែកើតមាននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។
របាយការណ៍របស់សហព័ន្ធលក់រាយរបស់អាមេរិកបានបង្ហាញថា នៅឆ្នាំ២០២២ នៅទូទាំងអាមេរិក ឧក្រិដ្ឋកម្មសំដៅចំពោះមុខរបរលក់រាយដែលមានការរៀបចំចាត់ចែងបានកើនឡើង២៦,៥ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២១ ។ នៅឆ្នាំ២០២១ ទំហំខាត់បង់ពាក់ព័ន្ធរបស់អាជីវកម្មលក់រាយអាមេរិកមានដល់ទៅ៩៤៥០០លានដុល្លារអាមេរិកឯណោះ ខ្ពស់ជាងឆ្នាំ២០២០ ដែលមានចំនួន៩០៨០០លានដុល្លារអាមេរិក ។ ក្នុងរបាយការណ៍ហិរញ្ញវត្ថុនៃហាងលក់ទំនិញធំៗ ហាងឱសថ និងពាណិជ្ជករលក់សម្ភារៈសំណង់បាននាំគ្នាសម្តែងការព្រួយបារម្ភ ។ រីឯក្រុង Los Angeles ដែលត្រូវគេចាត់ប្រសិទ្ធនាមថាជា “ឋានសួគ៌ទិញទំនិញ” ក៏មានភាពស្ងៀមស្ងាត់ផងដែរ ហាងលក់រាយជាច្រើនបានបិទទ្វារ ។
ប្រឈមនឹងទង្វើឆក់ប្លន់យ៉ាងកម្រោលបែបនេះ ប៉ូលីសរបស់អាមេរិកគួរតែបង្កើនកម្លាំងអនុវត្តច្បាប់មែនទេ ? ប៉ុន្តែការពិតជាក់ស្តែង គឺដោយរងសម្ពាធពីអត្រាឧក្រិដ្ឋកម្មខ្ពស់ កម្រិតបំពេញការងារខ្ពស់ និងទំនាស់រវាងប៉ូលីសនិងប្រជាពលរដ្ឋជាដើម ប៉ូលីសរបស់អាមេរិកត្រូវបានគេ “ធុញទ្រាន់”ពីមួយថ្ងៃទៅមួយថ្ងៃ ។ លទ្ធផលនៃការធ្វើប្រជាមតិដែលវេទិកាស្រាវជ្រាវប្រតិបតិ្តបាលប៉ូលីសរបស់អាមេរិកប្រកាសបានបង្ហាញឱ្យឃើញថា នៅឆ្នាំ២០២២ ប៉ូលីសអាមេរិកដែលលាឈប់ពីមុខតំណែងបានកើនឡើង៤៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ។
ក្រៅពីនេះ ការដាក់ទណ្ឌកម្មចំពោះឧក្រិដ្ឋកម្មមានកម្លាំងមិនសូវខ្លាំងក្លា ក៏បានបណ្តែតបណ្តោយឱ្យមានការឆក់ប្លន់កាន់តែច្រើន ។ ឧទាហរណ៍ដូចជា នៅឆ្នាំ២០១៤ រដ្ឋCalifornia បានអនុម័តលើ “ពង្រាងច្បាប់លេខ៤៧ ” ដែលបានកំណត់ថា បទឆក់ប្លន់ដែលមានតម្លៃទាបជាង៩៥០ដុល្លារអាមេរិក គ្រាន់តែត្រូវកំណត់ថា មានស្ថានទម្ងន់ទោសកម្រិតស្រាលប៉ុណ្ណោះ តែមិនមែនជាទោសធ្ងន់ទេ ។ មានអ្នកវិភាគសម្គាល់ឃើញថា អាមេរិកបានចាត់ទុកបទឧក្រិដ្ឋជាស្នូលក្នុងបទព្រហ្មទណ្ឌជាប់រហូត ដោយសារការវាយបង្ក្រាបគ្រឿងញៀននិងភេរវនិយមទើបជាគន្លឹះដើម្បីទទួលបានសន្លឹកឆ្នោត តែ “ទោសកម្រិតស្រាល”មិនត្រូវបានយកចិត្តទុកដាក់ពីរដ្ឋាភិបាលនោះឡើយ ។
ក្រៅពីនេះ បាតុភូត “ការប្លន់រហ័ស”បានឆ្លុះបញ្ចាំងពីគម្លាតឆ្ងាយដាច់ពីគ្នារវាងអ្នកមាននិងអ្នកក្រក្នុងសង្គមអាមេរិក ។ របាយការណ៍របស់ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកអំពីទ្រព្យសម្បតិ្តគ្រួសារបានបង្ហាញថា គិតរហូតដល់ត្រីមាសទី៤ ឆ្នាំ២០២១ ទ្រព្យសម្បតិ្តសរុបរបស់អ្នកមានដែលមានចំនួនតែ១ភាគរយក្នុងចំនួនប្រជាជនសរុបរបស់អាមេរិក បានឡើងដល់៤៥,៩ទ្រីលានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រា ។ តែមួយផ្នែកទៀត នៅឆ្នាំ២០២០ អត្រាក្រីក្ររបស់អាមេរិកបានឡើងដល់១១,៤ភាគរយ ដែលបានកើនឡើង០,៩ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៩ ។ បច្ចុប្បន្ននេះ នៅអាមេរិក នៅតែមានមនុស្សចំនួន៣៧លាននាក់រស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រដដែល ។
បាតុភូតចម្លែកដូចជា“ការទិញអីវ៉ាន់ដោយមិនឱ្យលុយ”និង “ការប្លន់រហ័ស”លេចចេញនៅអាមេរិកមិនមែនជារឿងចៃដន្យទេ ការនេះបានបង្ហាញឱ្យឃើញនូវគុណវិបតិ្តផ្នែករចនាសម័្ពន្ធនៃសេដ្ឋកិច្ចអាមេរិក និងកង្វះខាតក្នុងអភិបាលកិច្ចសង្គម ។ ប្រសិនបើកើតមានបាតុភូតបែបនេះជាបន្តបន្ទាប់ យូរៗទៅអាមេរិកប្រហែលនឹងធ្លាក់ចូលទៅក្នុងវដ្ដដ៏អាក្រក់ដែលបាត់បង់លំនឹងសេដ្ឋកិច្ចនិងភាពច្របូកច្របល់ក្នុងសង្គម ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន