ព័ត៌មានអន្តរជាតិ

លោក Putin នឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសចិន នៅខែក្រោយ

ប្រភព៖ AFP

បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សា សន្តិសុខរុស្ស៊ី បានបង្ហាញកាលពីថ្ងៃអង្គារម្សិលមិញថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងជួបជាមួយប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំង នៅខែក្រោយនេះ ហើយបើមិនមានអ្វីប្រែប្រួលទេនោះ។

ប្រភពដដែលបានសរសេរទៀតថា ការ​ជួប​គ្នា​កម្រិត​ខ្ពស់​នេះ​នឹង​ធ្វើ​ឡើង ​ក្នុង​អំឡុង​ពេល​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ដែល​បាន​កំណត់​សម្រាប់​ខែ ​តុលាដែលកន្លងមកប្រទេសចិន បានបញ្ជាក់ពីការចូលរួម របស់ប្រទេសប្រមាណ៩០ សម្រាប់ព្រឹត្តិការណ៍នេះ រួមទាំងមេដឹកនាំបរទេសដូច ជាប្រធានាធិបតីស៊ែប៊ី Aleksandar Vucic និងប្រធានាធិបតីអាហ្សង់ទីន Alberto Fernandez ជាដើម ។

ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងមូស្គូ ជាមួយមន្ត្រីការទូតកំពូល របស់ចិន លោក Wang Yi កាលពីថ្ងៃអង្គារ និងលោក Patrushev បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងរុស្ស៊ី និងចិនត្រូវបានកសាងឡើង ដោយឈរលើគោលការណ៍នៃការគោរព ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក និងការគាំទ្រគ្នាទៅវិញ ទៅមកនៅលើឆាកពិភពលោក។

គួរឲ្យដឹងដែរថាកិច្ច សហប្រតិបត្តិការ ផ្នែកនយោបាយ និងសេដ្ឋកិច្ចរវាងរុស្ស៊ី និងចិនមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសប្រឆាំងនឹងផ្ទៃខាងក្រោយ នៃភាពតានតឹងកើនឡើង រវាងទីក្រុងមូស្គូ និងប្រទេសលោកខាងលិច ជាពិសេសគឺជម្លោះនៅអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី

To Top