ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ រិះគន់អាមេរិក ចំពោះការដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងអង្គភាពនានា រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានដែរ

ប្រភព ៖Xinhua

តេហរ៉ង់៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ អ៊ីរ៉ង់បានរិះគន់សហរដ្ឋអាមេរិក ចំពោះការដាក់ទណ្ឌកម្មថ្មីមកលើបុគ្គល និងអង្គភាពរបស់អ៊ីរ៉ង់ រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ដោយហៅទង្វើនេះថា ជា “រឿងតូចតាច” ដើម្បីគាបសង្កត់តម្លាភាព និងការពិតប៉ុណ្ណោះ ។

លោក Ali Bahadori Jahromi អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ បានលើកឡើងថា ការដាក់ទណ្ឌកម្មនេះបង្ហាញពី “ការភ័យខ្លាចរបស់ក្រុងវ៉ាស៊ីនតោន ចំពោះការពិតដែលត្រូវបានបង្ហាញដោយអ្នកស្វែងរកការពិត និងប្រព័ន្ធផ្សព្វផ្សាយដែលឈានមុខគេ”។

លោក Jahromi ក៏បានលើកឡើងពីស្តង់ដារទ្វេរដងរបស់ក្រុងវ៉ាស៊ីនតោន ដោយចង្អុលបង្ហាញថា ខណៈដែលសហរដ្ឋអាមេរិក គាំទ្រប្រព័ន្ធផ្សព្វផ្សាយដែលស្របតាមគោលនយោបាយរបស់ខ្លួន វារារាំងសំឡេងឯករាជ្យទៅវិញទេ ។

អ្នកនាំពាក្យដដែលនេះបានបញ្ជាក់ថា “សហរដ្ឋអាមេរិក ញៀននឹងការដាក់ទណ្ឌកម្ម ហើយមិនអាចបោះបង់វាបាននោះទេ” ។

គួររំលឹកថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសកាលពីសប្តាហ៍មុននូវការដាក់ទណ្ឌកម្មថ្មីមកលើបុគ្គល និងអង្គភាពចំនួន២៩របស់អ៊ីរ៉ង់ រួមទាំងបណ្តាញព័ត៌មាន Press TV ដែលមានមូលដ្ឋាននៅទីក្រុង តេហរ៉ង់ ក៏ដូចជាភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Fars និង Tasnim និងមន្ត្រីជាន់ខ្ពស់៣រូបរបស់ពួកគេទៀតផង ។

តាមរយៈការធ្វើអត្ថាធិប្បាយលើការដោះដូរអ្នកទោសរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ លោក Jahromi បានលើកឡើងថា ការដោះដូរនេះ គឺជាសកម្មភាពមនុស្សធម៌ ដែល “មានលក្ខណៈសាមញ្ញទាំងស្រុងនៅក្នុងតំបន់នៃច្បាប់អន្តរជាតិ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top