ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ នឹងទៅទទួលស្វាគមន៍ ភ្ញៀវទេសចរចិន ក្នុងគោលការណ៍ លើកលែងទិដ្ឋាការ នៅអាកាសយានដ្ឋានសុវណ្ណភូមិ

ប្រភព ៖Xinhua

បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រែថា ថាវីស៊ីន គ្រោងនឹងរៀបចំទទួលភ្ញៀវទេសចរចិន នៅថ្ងៃទី២៥ ខែកញ្ញា នៅអាកាសយានដ្ឋានសុវណ្ណភូមិ ដើម្បីអបអរសាទរគោលនយោបាយ “លើកលែងទិដ្ឋាការ” សម្រាប់ភ្ញៀវចិន និងកាហ្សាក់ស្ថាន។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា វិធានការថ្មីនេះអនុញ្ញាត ឱ្យភ្ញៀវទេរសចរបរទេសទាំងនោះ ធ្វើដំណើរចូលមកប្រទេសថៃ ដោយគ្មានទិដ្ឋាការរហូតដល់ ៣០ ថ្ងៃពេញមួយកម្មវិធីបណ្តោះអាសន្នរយៈពេល ៥ ខែ ដែលដំណើរការចាប់ពីថ្ងៃទី ២៥ ខែកញ្ញាដល់ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ។

ក្រសួងទេសចរណ៍ និងកីឡា បានបញ្ចេញស្ថិតិដោយបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសមកលេងប្រទេសថៃចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី១៧ ខែកញ្ញា មានចំនួនលើសពី ១៩ លាននាក់ កើនឡើង ២៧១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កាលពីមុននេះ អភិបាលអាជ្ញាធរ ទេសចរណ៍ថៃ (TAT)លោកស្រី Thapanee Kiatphaibool បាននិយាយថា ផ្អែកលើការវាយតម្លៃនិន្នាការ ទេសចរណ៍បរទេសនៅឆ្នាំនេះ គេរំពឹងថា នឹងមានភ្ញៀវទេសចរពី ២៨ លាននាក់ ទៅ ២៩ លាននាក់ ដែលខ្ពស់ជាងគោលដៅដែលកំណត់ដោយ TAT ដែលមានយ៉ាងហោចណាស់ ២៥លាននាក់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top