តូក្យូ៖ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានសន្យាកាលពីថ្ងៃអង្គារថា ប្រទេសជប៉ុន នឹងផ្តល់វិភាគទានចំនួន ៣ពាន់លានយ៉េន (២០លានដុល្លារ) ដើម្បីជួយសម្រេចបានពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ ដែលជាគោលដៅដែលលោកបានពិពណ៌នាថា ជាការងារប្រចាំជីវិតរបស់លោកក្នុងនាមជាសមាជិកសភាតំណាងឱ្យមណ្ឌលបោះឆ្នោតនៅហ៊ីរ៉ូស៊ីម៉ា។
ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក គីស៊ីដា ក៏បាននិយាយផងដែរថា ប្រទេសជប៉ុននឹងបន្តខិតខំប្រឹងប្រែងដើម្បីធ្វើកំណែទម្រង់ស្ថាប័នពិភពលោក។ ការលើកឡើងរបស់លោក បានធ្វើឡើងចំពេលមានការយល់ឃើញថា អង្គការសហប្រជាជាតិកាន់តែមានដំណើរការខុសប្រក្រតីក្នុងការដោះស្រាយជម្លោះអន្តរជាតិ ជាពិសេសលើសង្គ្រាមអ៊ុយក្រែន ដែលបានចាប់ផ្ដើមក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រទេសរុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍ ដែលមានវេតូវេតូនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោក គីស៊ីដា បានលើកឡើងថា ដើម្បីជំរុញនិន្នាការពិភពលោកឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ វិធីសាស្រ្តពហុភាគីមានសារៈសំខាន់ណាស់ ដោយបន្ថែមថា ប្រទេសជប៉ុន នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ស្ថាប័នស្រាវជ្រាវសកល ដើម្បីកសាងបណ្តាញ សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរនៅក្នុងពិភពលោក។
ខណៈដែលប្រទេសជប៉ុន កាន់តំណែងជាប្រធានាធិបតីនៃក្រុមសេដ្ឋកិច្ចសំខាន់ៗចំនួនប្រាំពីរនៅឆ្នាំនេះ លោក គីស៊ីដា បានរៀបចំកិច្ចប្រជុំកំពូលកាលពីខែឧសភា នៅទីក្រុងភាគខាងលិចប្រទេសជប៉ុន ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៤៦ ចំពេលមានការភ័យខ្លាចថា រុស្ស៊ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងអ៊ុយក្រែន។
បន្ទាប់ពីកិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ជាកន្លែងដែលប្រធានាធិបតីអ៊ុយក្រែនលោក វូលូឌីមៀ ហ្សេឡិនស្គី បានបង្ហាញខ្លួនគួរឱ្យភ្ញាក់ផ្អើល លោក គីស៊ីដា បានលើកឡើងថាមេដឹកនាំ G-7 បានយល់ព្រមធ្វើការឆ្ពោះទៅរកពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ ហើយទីក្រុងនេះជាកន្លែងវាយប្រហារនុយក្លេអ៊ែរលើកដំបូងរបស់ពិភពលោក៕ ប្រែសម្រួល ឈូក បូរ៉ា