ដាកា៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ថា ចំនួនអ្នកប្រើប្រាស់ អ៊ីនធើរណេត នៅក្នុងប្រទេសបង់ក្លាដេស សរុបបានកើនឡើង ដល់១៣០.៩៤លាននាក់ នៅដំណាច់ខែកក្កដា ។ នេះជាការបង្ហាញ ស្ថិតិចុងក្រោយរបស់និយតករ ទូរគមនាគមន៍ របស់ប្រទេសបង់ក្លាដេស ។
យោងតាមទិន្នន័យរបស់គណៈកម្មការ គ្រប់គ្រងទូរគមនាគមន៍ បង់ក្លាដេស ហៅកាត់ថា (BTRC) បានឲ្យដឹងថា នៅក្នុងចំណោមអតិថិជនសរុប មានអ្នកប្រើប្រាស់អ៊ីនធើរណេត ចល័តចំនួន១១៨.៧៩លាននាក់ និង១២,១៥លាននាក់ ជាអ្នកប្រើប្រាស់អ៊ីនធើរណេត នៅក្នុងប្រទេស ។
ក្រុមហ៊ុនទូរស័ព្ទរបស់ប្រទេសនេះ នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ មានអ្នកប្រើប្រាស់ថ្មី ជាង៧លាននាក់ ដែលយកមូលដ្ឋានអតិថិជន សរុបដល់១៨៧,៤៨លាននាក់ គិតត្រឹមចុងខែកក្កដា ។
បច្ចុប្បន្ននេះ ប្រទេសបង់ក្លាដេស មានក្រុមហ៊ុនទូរស័ព្ទចំនួន ៤ ដែលក្រុមហ៊ុនចំនួន៣ ជាប្រតិបត្តិករទូរសព្ទ ដែលគាំទ្រ ដោយបរទេស ។
ទិន្នន័យរបស់ BTRC បានបង្ហាញថា ចំនួនអតិថិជន នៃប្រតិបត្តិករ ទូរស័ព្ទចល័ត Grameenphone មានចំនួន៨១,៨៩លាននាក់, ក្រុមហ៊ុន Robi Axiataមានចំនួន ៥៦,៨២លាននាក់, ក្រុមហ៊ុន Banglalinkមានចំនួន៤២,៣០លាននាក់ និង ក្រុមហ៊ុនTeletalk មានចំនួន៦,៤៧លាននាក់ គិតត្រឹមចុងខែកក្កដា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា