ព័ត៌មានអន្តរជាតិ

ការអនុញ្ញាតឱ្យជម្លោះស៊ូដង់ ធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលពេញលេញ អាចជាសោកនាដកម្មរបស់មនុស្សជាតិ

Xinhua

យូអិន៖ ប្រធានជំនួយសង្គ្រោះរបស់ អង្គការសហប្រជាជាតិបានព្រមានថា ការអនុញ្ញាតឱ្យជម្លោះនៅក្នុងប្រទេសស៊ូដង់ ធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលពេញលេញ អាចជាសោកនាដកម្មរបស់មនុស្សជាតិ។

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ លោក Martin Griffiths ដែលជាអ្នកសម្របសម្រួល ជំនួយសង្គ្រោះបន្ទាន់ របស់អង្គការពិភពលោក បានឲ្យដឹងថា “ប្រសិនបើសកម្មភាពអន្តរជាតិ ជាបន្ទាន់មិនត្រូវបានចាត់វិធានការទេ វិបត្តិគំរាមកំហែងកាន់តែ យ៉ាប់យ៉ឺនទៅជាមហន្តរាយ ដែលអាចលេបត្របាក់ប្រទេសទាំងមូល និងបន្ទាប់មកដល់ក្នុងតំបន់” ។

លោក​បាន​លើកឡើងថា “កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​អន្តរជាតិ​ត្រូវ​បាន​ទាមទារ ដើម្បី​ទទួល​បាន​ជំនួយ​សង្គ្រោះ​ជីវិត វាត្រូវការឥឡូវនេះ វាត្រូវការកាលពីម្សិលមិញ ហើយវានឹងត្រូវការនៅថ្ងៃស្អែក”។

លោល Griffiths បានឲ្យដឹងនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ មួយស្តីពីប្រទេសស៊ូដង់ នៅខាងក្រៅការជជែកដេញដោល ប្រចាំឆ្នាំរបស់មហាសន្និបាត អង្គការសហប្រជាជាតិ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សម័យប្រជុំនេះត្រូវបានរៀបចំ ឡើងដោយប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត កាតា សហភាពអាហ្វ្រិក សហភាពអឺរ៉ុប ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ និងការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top