ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ រុស្ស៊ី មានឆន្ទៈសហការជាមួយចិន ដើម្បីទប់ទល់នឹងអនុត្តរភាពឯកតោភាគី

រូបភាពពី៖​ XINHUA

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឲ្យដឹងថា ប្រទេសរបស់លោក មានឆន្ទៈក្នុងការសហការជាមួយប្រទេសចិន ដើម្បីទប់ទល់នឹងអនុត្តរភាពឯកតោភាគី និងការប្រឈមមុខដាក់គ្នាក្នុងប្លុក ព្រមទាំងការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។

លោក ពូទីន បានធ្វើការកត់សម្គាល់នេះ នៅពេលជួបជាមួយលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និងជាប្រធានការិយាល័យគណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការបរទេសនៅទីក្រុង St. Petersburg នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ពូទីន បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់ប្រទេសរុស្ស៊ី កាលពីខែមីនា ឆ្នាំនេះ គឺជាសករាជថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចាប់តាំងពីពេលនោះមក កិច្ចព្រមព្រៀងសំខាន់ៗដែលសម្រេចបានរវាងភាគីទាំងពីរត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដែលនាំមកនូវលទ្ធផលវិជ្ជមានក្នុងវិស័យផ្សេងៗដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌ និងកីឡា។

លោកបានបន្ដថា ប្រទេសរុស្ស៊ី បានយកឈ្នះលើផលប៉ះពាល់នៃទណ្ឌកម្មឯកតោភាគី ដែលដាក់ដោយបណ្តាប្រទេសលោកខាងលិច ហើយសេដ្ឋកិច្ចរបស់ខ្លួនបានចាប់ផ្តើមងើបឡើងវិញ និងដំណើរការជាធម្មតានៅឆ្នាំនេះ ដោយបន្ថែមថា រុស្ស៊ី បានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងផែនការ និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិន។

លោក បានសង្កត់ធ្ងន់ថា រុស្ស៊ីវាយតម្លៃខ្ពស់ និងគាំទ្រយ៉ាងមុតមាំគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ប្រឆាំងនឹងការបង្ខូចទ្រង់ទ្រាយ និងការលាបពណ៌ប្រឆាំងនឹង BRI ហើយមានឆន្ទៈក្នុងការបង្កើនការតម្រឹមរវាងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី និង BRI ដើម្បីលើកកម្ពស់សមាហរណកម្មក្នុងតំបន់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top