ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ រដ្ឋមន្ត្រីមួយរូបបានលើកឡើងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានកំណត់ដើម្បីរុករកធនធានប្រេង និងឧស្ម័ន នៅក្នុងប្លុក Warim ក្នុងខេត្ត Papua ។
លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការដែនសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី បានលើកឡើងថា បរិមាណប្រេងនៅក្នុងប្លុក Warim លើសពីទុនបម្រុងនៅក្នុងប្លុក Masela របស់ប្រទេស នៅក្នុងខេត្ត Maluku ដែលត្រូវបានគេរាយការណ៍មកថា បានស្តុកទុកជិត២៦ពាន់លានប៉ារ៉ែលនៃទុនបម្រុងប្រេងដែលមានសក្តានុពល និង៤៧,៣៧ពាន់ពាន់លានហ្វីតគូប (TCF) នៃឧស្ម័នធម្មជាតិ ។
សម្រាប់នៅប្លុក Warim មានទីតាំងនៅក្នុងព្រៃការពារនៃដែនឧទ្យានជាតិ Lorentz ហើយរដ្ឋាភិបាលបានសម្រេចចិត្តចាប់ផ្តើមរបៀបវារៈរុករករ៉ែជាមួយនឹងការខួងចុះក្រោម ។ លោក Pandjaitan បានប្រាប់ដល់អ្នកយកព័ត៌មាននៅឯពិព័រណ៍ផែនការ និងសេវាកម្មសមុទ្រឆ្នាំ២០២៣ នៅក្រុងហ្សាការតា ។
ក្រសួងថាមពល និងធនធានរ៉ែ របស់ប្រទេសឥណ្ឌូនេស៊ី បានរាយការណ៍មកថា ឥណ្ឌូណេស៊ីបច្ចុប្បន្ននេះ មានអណ្តូងប្រេង និងឧស្ម័នចំនួន៧០កន្លែងដែលមិនទាន់បានរុករក ។
ក្រៅពីប្លុក Warim នេះ រដ្ឋាភិបាលក៏កំពុងផ្តោតលើការអភិវឌ្ឍន៍អណ្តូងរ៉ែនៅក្នុងប្លុក Buton, Warin និង Aru ដែលមានទីតាំងស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា