បរទេស ៖ ប្រធានាធិបតី នៃប្រទេសហ្គាណា លោក Nana Akufo-Addo បាននិយាយក្នុងអំឡុងមហាសន្និបាត អង្គការសហប្រជាជាតិថា គ្មានចំនួនទឹកប្រាក់ណា ដែលអាចគ្រប់គ្រាន់ ដើម្បីទូទាត់សងដល់ទ្វីបអាហ្រ្វិក សម្រាប់ភាពរន្ធត់ នៃការជួញដូរទាសករនោះទេ ប៉ុន្តែសំណងនៅតែត្រូវតែធ្វើឡើង ដោយលោកខាងលិច ដើម្បីជាការទទួលស្គាល់ឧក្រិដ្ឋកម្មនេះ ។
យោងតាមការ ចេញផ្សាយរបស់ RT លោក Akufo-Addo បានប្រាប់មេដឹកនាំពិភពលោក នៅទីក្រុងញូវយ៉កកាលពីថ្ងៃពុធថា¶ ពិភពលោកមិនគួរធ្វើពុតថា បញ្ហា សេដ្ឋកិច្ចនិងសង្គមបច្ចុប្បន្នជួប ប្រទះដោយទ្វីបអាហ្រ្វិក មិនមានអ្វីដែលត្រូវធ្វើជាមួយភាព អយុត្តិធម៌ជាប្រវត្តិសាស្ត្រ ដែលបានបង្កើតរចនាសម្ព័ន្ធ នៃពិភពលោកដូចបច្ចុប្បន្ននោះទេ ។
លោកបាននិយាយថា ភាគច្រើន នៃទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក ត្រូវបានសាងសង់ឡើង ពីទ្រព្យសម្បត្តិដ៏ច្រើន សន្ធឹកសន្ធាប់ដែលប្រមូលបានពីញើស ទឹកភ្នែក ឈាម និងភាពភ័យរន្ធត់ លើពាណិជ្ជកម្មទាសករឆ្លងអាត្លង់ទិក រវាងសតវត្សទី១៦និង១៩និងសតវត្សទី នៃការកេងប្រវ័ញ្ចអាណានិគម ។
លោកប្រធានាធិបតី បានបន្ថែមថា វាមិនមែនជារឿង ចម្លែកទេ ដែលបណ្តាប្រទេសនៅទ្វីបអាហ្រ្វិក កំពុងតស៊ូដើម្បីកសាងសង្គម ដែលរីកចម្រើនបន្ទាប់ពីពួកគេ បានលួចធនធាន ធម្មជាតិ របស់ពួកគេ ហើយប្រជាជន របស់ពួកគេបានជួញដូរ ជាទំនិញអស់រយៈពេលជាយូរមកហើយនោះ ៕
ប្រែសម្រួល៖ស៊ុនលី