បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានជូនដំណឹងដល់ប្រទេសចិនថា ប្រទេសអ៊ីតាលីនឹងចាកចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលដឹកនាំដោយ ទីក្រុងប៉េកាំង ចំណែកមន្ត្រីកំពូលរបស់អ៊ីតាលី រួមទាំងលោកស្រី Meloni បានបណ្ដែតគំនិតចែកផ្លូវនេះ ច្រើនដងមកហើយក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃពុធ លោក Antonio Tajani បាននិយាយថា លោកស្រី Meloni បាន “បាននិយាយជាមួយប្រទេសចិនអំពីផែនការរបស់ប្រទេសអ៊ីតាលីក្នុងការចាកចេញពីផ្លូវសូត្រ” ដោយសំដៅលើកិច្ចព្រមព្រៀង ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគពិភពលោកដោយឈ្មោះក្រៅផ្លូវការរបស់ខ្លួន។ អ្នកការទូតរូបនេះបានពន្យល់ថា ប្រទេសអ៊ីតាលីបានមើលឃើញ ខ្លួនឯងជាចម្បងជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ទោះបីជានេះមិនបានរារាំងខ្លួន ពីការរក្សាការសន្ទនាជាមួយប្រទេសចិនក៏ដោយ។
រដ្ឋមន្ត្រីបានអះអាងថា សមាជិកភាព របស់ប្រទេសអ៊ីតាលីនៅក្នុង គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) បានបរាជ័យក្នុងការផ្តល់ ផលប្រយោជន៍ដល់ទីក្រុងរ៉ូម ។ លោកបានបន្ថែមថា ការដកខ្លួននេះនឹងត្រូវដាក់ សម្រាប់ការពិចារណា របស់សភាអ៊ីតាលីជាមុនសិន ប៉ុន្តែបានកត់សម្គាល់ថា លោកប្រាកដថា សមាជិកសភាភាគច្រើន នឹងគាំទ្រដល់ការដកខ្លួននេះ ។
យោងតាមលោក Tajani គឹប្រទេសអ៊ីតាលី មិនទាន់បានប្រកាសជាផ្លូវការណាមួយទេ ហើយក៏មិនទាន់បានទំនាក់ទំនង ជាផ្លូវការនូវការសម្រេចចិត្តចុងក្រោយ របស់ខ្លួនទៅកាន់ប្រទេសចិនដែរ។
កាលពីខែមុន ក្រសួងការបរទេសចិនបានរិះគន់ “កងកម្លាំងមួយចំនួន” នៅក្នុងរដ្ឋាភិបាល អ៊ីតាលី ជុំវិញការលើកឡើងថា ទីក្រុងរ៉ូមអាចដកខ្លួនចេញ ពីគំនិតផ្តួចផ្តើមរបស់ទីក្រុងប៉េកាំង ដោយព្រមានថា ការដកខ្លួនបែបនេះនឹងទៅជា “ប្រឆាំងនឹងនិន្នាការនៃប្រវត្តិសាស្ត្រ”៕
ប្រែសម្រួលៈ ណៃ តុលា