នៅថ្ងៃទី ២៣ ខែកញ្ញា លោក Xi Jinping បានថ្លែងសុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍ នៃពិធីសម្ពោធបើក នៃការប្រកួតកីឡាអាស៊ីលើកទី ១៩ ក្រុង Hangzhou ។
លោក Xi Jinping បានថ្លែងថា តាំងពីការស្នើរសុំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ី ប្រទេសចិន បានអនុវត្តពាក្យសន្យារបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងជំរុញការងាររៀបចំនានាយ៉ាងពេញទំហឹង ។
យើងរីករាយក្នុងការធ្វើខិតខំប្រឹងប្រែងរួមគ្នាជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ីនិងគណៈប្រតិភូរបស់ប្រទេសនិងតំបន់នានា ដើម្បីបង្ហាញចំពោះពិភពលោកនូវ”ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រកបដោយលក្ខណៈពិសេសចិន ភាពទាក់ទាញរបស់អាស៊ីនិងមានភាពអស្ចារ្យ”ទៅកាន់ពិភពលោក” ដើម្បីរួមចំណែកថ្មីសម្រាប់ការអភិវឌ្ឍអាស៊ីនិងកីឡាអូឡាំពិកអន្តរជាតិ ។
ប៉ុន្មានទសវត្សរ៍កន្លងមកនេះ តំបន់អាស៊ីបានរក្សាស្ថិរភាពជាមូលដ្ឋាន កំណើនសេដ្ឋកិច្ចបន្តកើនឡើងយ៉ាងឆាប់រហ័ស ដែលបង្កើតបានជាអច្ឆរិយៈអាស៊ី ។ យើងត្រូវតែជំរុញសន្តិភាពតាមរយៈកីឡា ប្រកាន់ខ្ជាប់នូវសុខដុមនីយកម្មជាមួយប្រទេសជិតខាង ទប់ស្កាត់គំនិតនៃសង្រ្គាមត្រជាក់និងការធ្វើបដិបក្ខជាក្រុមនឹងគ្នា ដើម្បីឱ្យអាស៊ីក្លាយជាយុថ្កាសម្រាប់ពិភពលោកសន្តិភាព ។
ទំហំនៃការចុះឈ្មោះនិងចំនួនវិញ្ញសាសម្រាប់ការប្រកួតកីឡាអាស៊ីលើកនេះបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រដែលបង្ហាញពីការរំពឹងទុកយ៉ាងខ្លាំងរបស់ប្រជាជនអាស៊ីនិងការគាំទ្រយ៉ាងមុតមាំចំពោះការប្រកួតកីឡាអាស៊ីក្រុង Hangzhou ។ បច្ចុប្បន្ននេះ មនុស្សជាតិកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាសាកលដែលមិនធ្លាប់មានពីមុន ។ យើងត្រូវតែប្រើប្រាស់កីឡា ដើម្បីជំរុញការរួមសាមគ្គីគ្នា ចាប់យកឱកាសជាប្រវត្តិសាស្ត្រ ធ្វើកិច្ចសហការដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម អនុវត្តបាវចនារបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ីដែលថា “តែងតែឆ្ពោះទៅមុខជានិច្ច” ដើម្បីត្រួសត្រាយផ្លូវអាស៊ីដែលអភិវឌ្ឍរួម បើកទូលាយនិងតភ្ជាប់ឱ្យបានកាន់តែទូលំទូលាយ ។
ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីបានរៀបចំវិញ្ញាសាកីឡាជាច្រើនដែលមានលក្ខណៈអាស៊ី ដែលផ្តល់នូវវេទិកាសម្រាប់ការតភ្ជាប់គ្នារវាងកីឡានិងវប្បធម៌ទៅវិញទៅមក ។ យើងគួរតែប្រើកីឡា ដើម្បីជំរុញបរិយាប័ន្ន បង្កើនជំនឿចិត្តខាងអរិយធម៌ ប្រកាន់ខ្ជាប់នូវការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីបន្តសរសេរនូវទំព័រវិបុលភាពថ្មីនៃអរិយធម៌អាស៊ី ។
លោក Xi Jinping បានលើកឡើងថា ខេត្ត Zhejiang ប្រកាន់ខ្ជាប់នូវកំណែទម្រង់និងការបើកទូលាយ បានពន្លឿនការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ហើយបាននិងកំពុងកសាងតំបន់គំរូបភាពនៃវិបុលភាពរួម ដែលជាអ្នកត្រួសត្រាយក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន ។ ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នាឆ្លងកាត់ពេលវេលាដែលមិនអាចបំភ្លេចបាននៅខេត្ត Zhejiang និងបន្សល់ទុកនូវការចងចាំដ៏ល្អបំផុតអំពីការប្រកួតកីឡាអាស៊ី ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន